ព្រះត្រៃបិដក ភាគ ៦១
បុគ្គលយកទឹកដោយចុងស្មៅមកប្រៀបផ្ទឹមនឹងទឹកក្នុងសមុទ្រយ៉ាងណា កាមទាំងឡាយជារបស់មនុស្ស (ប្រៀបផ្ទឹម) ក្នុងសំណាក់នៃកាមជាទិព្វ ក៏យ៉ាងនោះដែរ។ ម្នាលកាឡហត្ថី ខ្ញុំបរិភោគនូវអាហារមានរសដ៏ឧត្តម បើមិនបានសាច់មនុស្សទេ ប្រហែលជាលះបង់ជីវិត យ៉ាងនោះឯង។
[៣២៨] (កាឡហត្ថី…) ដូចយ៉ាងពួកបក្សីហង្សឈ្មោះធតរដ្ឋៈទាំងនោះ ជាសត្វហើរឰដ៏អាកាស ដល់នូវសេចក្តីវិនាសទាំងអស់គ្នា ព្រោះស៊ីនូវចំណីមិនគួរ។ បពិត្រព្រះរាជា ជាធំជាងសត្វជើងពីរ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ខ្ញុំ បពិត្រព្រះរាជា ព្រះអង្គកុំសោយអាហារ ដែលមិនគួរសោយ ក៏យ៉ាងនោះឯង ពួកប្រជាជននឹងបណ្តេញព្រះអង្គ (ចាកដែន) ក៏យ៉ាងនោះដែរ។
[៣២៩] (ព្រះរាជា…) អ្នកកាលដែលខ្ញុំនិយាយថា អ្នកឈប់សិន ហើយចេះតែដើរទៅមុខ ម្នាលអ្នកជាព្រហ្មចារិនី អ្នកមិនឈប់ តែនិយាយថា ខ្ញុំឈប់ហើយ ពាក្យនេះមិនគួរដល់អ្នកជាសមណៈទេ អ្នកសំគាល់នូវដាវរបស់ខ្ញុំ គួរដល់សេចក្តីសង្ស័យដែរឬ។
ID: 636873372410721824
ទៅកាន់ទំព័រ៖