ព្រះត្រៃបិដក ភាគ ៦១
ជនដទៃណាហ្ន៎ លើផែនដីក្នុងលោក គប្បីជឿចិត្តអ្នកថា នាង (ឧម្មាទន្តី) មិនជាទីស្រឡាញ់របស់អញដូច្នេះ ទាំងសេចក្តីចង្អៀតចង្អល់ចិត្ត គប្បីមានដល់អ្នកយ៉ាងខ្លាំង ព្រោះអ្នកឲ្យនាងឧម្មាទន្តីជាទីស្រឡាញ់ហើយ មិនបានឃើញទៀត។
[២៨] (អភិបារក…) បពិត្រព្រះជនិន្ទៈ នាងឧម្មាទន្តីនុ៎ះ ជាទីស្រឡាញ់របស់ទូលព្រះបង្គំជាខ្ញុំដោយពិត បពិត្រព្រះភូមិបាល នាងនោះ មិនមែនមិនជាទីស្រឡាញ់របស់ទូលព្រះបង្គំជាខ្ញុំទេ សូមសេចក្តីចំរើនចូរមានដល់ព្រះអង្គ សូមព្រះអង្គយាងទៅកាន់សំណាក់នាងឧម្មាទន្តីកុំខាន ដូចជាសីហៈឈ្មោលចូលទៅកាន់គុហាកែវមណី (ជាលំនៅរបស់សីហៈញី) ដូច្នោះ។
[២៩] (ព្រះរាជា…) អ្នកប្រាជ្ញទាំងឡាយ (បើទុកជា) ត្រូវសេចក្តីទុក្ខក្នុងខ្លួនបៀតបៀនហើយ ក៏មិនលះបង់នូវអំពើដែលមានផលជាសុខឡើយ ឬទោះបើវង្វេងជ្រុលជ្រប់ក្តី ស្រវឹងដោយសេចក្តីសុខក្តី ក៏គង់មិនប្រព្រឹត្តធ្វើបាបកម្មទេ។
[៣០] (អភិបារក…) ព្រះអង្គដូចជាមាតាបិតា ជាអ្នកចិញ្ចឹម ជាម្ចាស់ ជាអ្នកបីបាច់រក្សា ទាំងជាទេវតារបស់ទូលព្រះបង្គំជាខ្ញុំ បពិត្រព្រះបាទសិវិ ខ្ញុំព្រះអង្គ ព្រមទាំងកូនប្រពន្ធ ជាទាសៈរបស់ព្រះអង្គ សូមទ្រង់ធ្វើសេចក្តីប្រាថ្នាតាមសប្បាយចុះ។
ID: 636873167818099796
ទៅកាន់ទំព័រ៖