ព្រះត្រៃបិដក ភាគ ៦១
[៣៣៥] (ព្រះបាទបោរិសាទ…) ខ្ញុំមិនជឿនូវពាក្យនុ៎ះថា ជនមានសេចក្តីសុខ បានរួចអំពីមាត់នៃមច្ចុហើយ ត្រឡប់មករកដៃនៃសត្រូវវិញដូច្នេះទេ បពិត្រព្រះបាទកោរព្យៈដ៏ប្រសើរ ទ្រង់នឹងមិនមករកខ្ញុំទេ។ បពិត្រព្រះរាជា ទ្រង់បានរួចអំពីដៃនៃព្រះបាទបោរិសាទហើយ មានប្រាថ្នាទៅកាន់មន្ទីររបស់ខ្លួន ហើយបាននូវជីវិតជាទីស្រឡាញ់ពេញចិត្ត កាលណា ទ្រង់នឹងមកកាន់សំណាក់របស់ខ្ញុំវិញ។
[៣៣៦] (ព្រះបាទសុតសោម…) បុគ្គលអ្នកមានសីលបរិសុទ្ធ រមែងប្រាថ្នានូវសេចក្តីស្លាប់ ឯបុគ្គលអ្នកមានធម៌ដ៏លាមក ដែលគួរអ្នកផងតិះដៀល មិនគួរចង់រស់ឡើយ បុគ្គលទ្រុស្តសីល ពោលនូវពាក្យមិនពិត ព្រោះហេតុខ្លួនណា ខ្លួននោះ រមែងមិនរក្សានូវជននោះចាកទុគ្គតិបានឡើយ។ បើទុកជាខ្យល់បក់ភើចភ្នំបានក្តី ព្រះចន្ទ្រ និងព្រះអាទិត្យ ធ្លាក់មកលើផែនដីក្តី ទឹកស្ទឹងទាំងអស់ ហូរច្រាសខ្សែទឹកក្តី បពិត្រព្រះរាជា ខ្ញុំក៏មិនពោលពាក្យកុហកទេ។
ID: 636873373341045036
ទៅកាន់ទំព័រ៖