ព្រះត្រៃបិដក ភាគ ៦១
[៣៤៩] (អភិសម្ពុទ្ធគាថា) ព្រះបាទសុតសោម ក្រាបថ្វាយបង្គំលាព្រះបិតាមាតា ប្រៀនប្រដៅអ្នកនិគម និងពលសេនា ព្រះអង្គពោលនូវពាក្យសច្ចៈ រក្សានូវពាក្យសច្ចៈ ហើយក៏ទៅកាន់សំណាក់នៃព្រះបាទបោរិសាទ។
[៣៥០] (ព្រះបាទសុតសោម…) កាប្តេជ្ញានឹងព្រាហ្មណ៍ ដែលខ្ញុំឋិតនៅក្នុងឥស្សរភាព ក្នុងដែនរបស់ខ្លួនបានធ្វើហើយ ខ្ញុំជាអ្នករក្សានូវសច្ចៈ ដោះប្តេជ្ញានឹងព្រាហ្មណ៍ ហើយត្រឡប់មកវិញ បពិត្រព្រះបាទបោរិសាទ ចូរព្រះអង្គបូជាយ័ញ្ញ សូមព្រះអង្គសោយនូវខ្ញុំចុះ។
[៣៥១] (ព្រះបាទបោរិសាទ…) ទ្រង់មិនបាត់ទេ ចាំខ្ញុំស៊ីជាខាងក្រោយចុះ ព្រោះជើងថ្ករនេះ ប្រកបដោយផ្សែងនៅឡើយ សាច់ដែលចំអិនលើភ្លើងឥតផ្សែង ជាសាច់ឆ្អិនល្អ ហើយនឹងស្តាប់នូវគាថារបស់ទ្រង់ ដែលគួរដល់ថ្លៃ ១០០ កហាបណៈសិន។
[៣៥២] (ព្រះបាទសុតសោម…) ព្រះអង្គជាអធម្មិករាជ ជាអ្នកស៊ីនូវបុរស ខ្ចាត់ភ្លាត់អំពីដែន ព្រោះហេតុតែពោះ គាថាទាំងឡាយនេះ រមែងប្រកាសសុចរិតធម៌ ចំណែកធម៌ និងអធម៌ ស្របគ្នាក្នុងទីណាកើត។
ID: 636873374727734350
ទៅកាន់ទំព័រ៖