ព្រះត្រៃបិដក ភាគ ៦១
[៣៦១] (ព្រះបាទបោរិសាទ…) បុគ្គលណា ស៊ីនូវជនអ្នកពោលពាក្យសច្ចៈ ប្រាកដដូច្នោះ ក្បាលរបស់បុគ្គលនោះ នឹងបែកជា ៧ ភាគ ដូចបុរសស្គាល់នូវថ្នាំពិស ហើយស៊ីនូវថ្នាំពិស (ឬដូចគេចាប់) ពស់អាសីរពិសដែលមានពិសកាចមានតេជះខ្លាំង។
[៣៦២] ជនទាំងឡាយ បានស្តាប់ធម៌ហើយ រមែងដឹងច្បាស់នូវបុណ្យ និងបាប ប៉ុនអម្បាលចិត្តរបស់ខ្ញុំ គង់ត្រេកអរក្នុងធម៌ ព្រោះបានស្តាប់នូវគាថាទាំងឡាយ។
[៣៦៣] (ព្រះបាទសុតសោម…) បពិត្រមហារាជ ការចួបប្រទះដោយសប្បុរសទាំងឡាយអស់វារៈតែម្តង ការចួបប្រទះនោះ រមែងរក្សានូវបុគ្គលនោះបាន ការចួបជុំដោយពួកអសប្បុរសច្រើនដង រមែងមិនរក្សាបុគ្គលបានទេ។ បុគ្គលគប្បីគប់រកនឹងពួកសប្បុរស គប្បីធ្វើនូវការស្និទ្ធស្នាលនឹងពួកសប្បុរស គុណធម៌ដ៏ប្រសើរ រមែងកើតមាន ព្រោះដឹងនូវព្រះសទ្ធម្មរបស់ពួកសប្បុរស មិនមែនជាទោសដ៏លាមកទេ។ រាជរថទាំងឡាយ ដែលគេរចនាល្អហើយ រមែងគ្រាំគ្រា សូម្បីសរីរៈ (របស់ពួកសត្វ) ក៏រមែងដល់នូវសេចក្តីគ្រាំគ្រាដោយពិត ឯធម៌របស់សប្បុរស មិនដល់នូវសេចក្តីគ្រាំគ្រាទេ សប្បុរសទាំងឡាយ រមែងចរចាដោយពួកសប្បុរសបាន។
ID: 636873375920352564
ទៅកាន់ទំព័រ៖