ព្រះត្រៃបិដក ភាគ ៦១
សូមទ្រង់កុំញាប់ញ័រ សូមទទួល (ពរ) ចុះ ខ្ញុំសូម្បីលះបង់ជីវិត ក៏នៅតែថ្វាយទ្រង់។
[៣៦៧] (ព្រះបាទសុតសោម…) ធម៌ជាបន្ទាល់សាក្សីរបស់អរិយៈ រមែងស្របគ្នានឹងអរិយៈ របស់បុគ្គលមានប្រាជ្ញា រមែងស្របគ្នានឹងបុគ្គលមានប្រាជ្ញា ខ្ញុំសូមឃើញព្រះអង្គមានជន្មាយុ ១០០ ឆ្នាំ ឥតមានរោគ បណ្តាពរទាំងឡាយ ខ្ញុំប្រាថ្នានូវពរទី ១ នុ៎ះ។
[៣៦៨] (ព្រះបាទបោរិសាទ…) ធម៌ជាបន្ទាល់សាក្សីរបស់អរិយៈ រមែងស្របគ្នានឹងអរិយៈ របស់បុគ្គលមានប្រាជ្ញា រមែងស្របគ្នានឹងបុគ្គលមានប្រាជ្ញា ទ្រង់សូមឃើញនូវខ្ញុំ មានអាយុ ១០០ ឆ្នាំ ឥតមានរោគ បណ្តាពរទាំងឡាយ ខ្ញុំនឹងថ្វាយពរទី ១ នេះ។
[៣៦៩] (ព្រះបាទសុតសោម…) ពួកក្សត្រិយ៍ណា រក្សាផែនដីក្នុងទ្វីបនេះ បានមុទ្ធាភិសេកហើយ មានព្រះនាមសម្រេចហើយ ព្រះអង្គជាម្ចាស់ផែនដី កុំសោយនូវពួកក្សត្រិយ៍ទាំងនោះឡើយ បណ្តាពរទាំងឡាយ ខ្ញុំប្រាថ្នានូវពរទី ២ នេះ។
[៣៧០] (ព្រះបាទបោរិសាទ…) ពួកក្សត្រិយ៍ណា រក្សាផែនដីក្នុងទ្វីបនេះ បានមុទ្ធាភិសេកហើយ មានព្រះនាមសម្រេចហើយ ខ្ញុំជាម្ចាស់ផែនដី ក៏លែងស៊ីនូវពួកក្សត្រិយ៍ទាំងនោះដែរ បណ្តាពរទាំងឡាយ ខ្ញុំនឹងថ្វាយនូវពរទី ២ នេះ។
ID: 636873376474424255
ទៅកាន់ទំព័រ៖