ព្រះត្រៃបិដក ភាគ ៦១
[៣៨២] នុ៎ះជាធម៌របស់ពួកសប្បុរស ធម្មតា ពួកសប្បុរស ជាអ្នកប្តេជ្ញាដោយពាក្យសច្ចៈ តែងលះបង់នូវជីវិត ព្រះអង្គឲ្យពរហើយ ចូរឲ្យរហ័ស បពិត្រព្រះរាជាដ៏ប្រសើរ សូមព្រះអង្គសម្រេចដោយធម៌ និងពាក្យសច្ចៈនុ៎ះចុះ។ ជនគប្បីលះបង់នូវទ្រព្យ ព្រោះហេតុនៃអវយវៈដ៏ប្រសើរ កាលបើរក្សានូវជីវិត ក៏គប្បីលះបង់នូវអវយវៈ កាលបើរឭកឃើញនូវធម៌ គប្បីលះបង់ទាំងអវយវៈ ទ្រព្យ និងជីវិតទាំងអស់។
[៣៨៣] បុរសចេះដឹង នូវធម៌អំពីបុគ្គលណា ឬក៏ពួកសប្បុរសណា បន្ទោបង់នូវសេចក្តីសង្ស័យរបស់បុគ្គលនោះបាន ដំណើរនោះ ឈ្មោះថាជាទីពឹង ជាទីពំនាក់របស់បុគ្គលនោះ បុគ្គលអ្នកមានប្រាជ្ញា មិនត្រូវបំបាត់មេត្រីចិត្តអំពីបុគ្គលនោះទេ។
[៣៨៤] (ព្រះបាទបោរិសាទ…) អាហារនោះ ជាទីគាប់ចិត្តរបស់ខ្ញុំដោយពិត ខ្ញុំចូលព្រៃ ព្រោះហេតុតែសាច់មនុស្សនុ៎ះ បើទ្រង់ទទូចសូមសេចក្តីនុ៎ះនឹងខ្ញុំ បពិត្រទ្រង់ជាសំឡាញ់ ខ្ញុំក៏ឲ្យពរនោះដល់ទ្រង់។
ID: 636873377537055034
ទៅកាន់ទំព័រ៖