ព្រះត្រៃបិដក ភាគ ៦១
[៣៨៩] (ព្រះបាទសុតសោម…) បិតា ឬមាតា ជាអ្នកអនុគ្រោះ ប្រាថ្នានូវសេចក្តីចំរើនដល់បុត្រទាំងឡាយ យ៉ាងណាមិញ ចំណែកព្រះរាជានេះ ចូរមានដល់លោកទាំងឡាយ ក៏យ៉ាងនោះដែរ ទាំងលោកទាំងឡាយ ក៏សូមដូចជាបុត្ត។
[៣៩០] (ពួកក្សត្រិយ៍…) បិតា ឬមាតា ជាអ្នកអនុគ្រោះ ប្រាថ្នានូវសេចក្តីចំរើនដល់បុត្តទាំងឡាយ យ៉ាងណាមិញ ចំណែកខាងព្រះរាជានេះ ចូរមានដល់យើងទាំងឡាយ យ៉ាងនោះដែរ ទាំងពួកយើងក៏ដូចបុត្តដែរ។
[៣៩១] (ព្រះបាទសុតសោម…) ព្រះអង្គធ្លាប់សោយនូវសាច់នៃសត្វជើង ៤ ឬសត្វបក្សី ដែលពួកនាយពិសេសចាត់ចែងល្អ សម្រេចដោយល្អ ជាទីត្រេកអរ ដូចព្រះឥន្ទ្រ សោយនូវសុធាភោជន ព្រះអង្គលះបង់ចោល ហើយត្រេកអរក្នុងព្រៃតែម្នាក់ឯង ដូចម្តេចកើត។ ពួកនាងខតិ្តយានីនោះ មានគ្រឿងប្រដាប់ភ្លឺផ្លេក និងចង្កេះដ៏រៀវ តាក់តែងខ្លួនគាល់ត្រៀបត្រា ញ៉ាំងព្រះអង្គឲ្យរីករាយ ដូចជាស្ត្រីអប្សរបំរើព្រះឥន្ទ្រក្នុងទេវលោក ព្រះអង្គលះបង់ចោល ហើយត្រេកអរក្នុងព្រៃម្នាក់ឯង ដូចម្តេចកើត។
ID: 636873378146509893
ទៅកាន់ទំព័រ៖