ព្រះត្រៃបិដក ភាគ ៦១
ព្រះចន្ទ្រក្នុងសុក្កប័ក្ខ រមែងចំរើនឡើងរាល់ៗ ថ្ងៃ យ៉ាងណាមិញ បពិត្រព្រះរាជា ការចួបប្រទះនឹងពួកសប្បុរស ឧបមាដូចជាព្រះចន្ទ្រក្នុងសុក្កប័ក្ខ។ បពិត្រព្រះបាទសុតសោម សូមព្រះអង្គជ្រាបចុះ ដូចយ៉ាងខ្ញុំ អាស្រ័យព្រះអង្គ ហើយធ្វើការកុសល ជាហេតុទៅកាន់សុគតិ។
បពិត្រព្រះអង្គជាធំជាងជន ទឹកដែលបង្អុរចុះលើទីទួល មិនដក់នៅ មិនឋិតនៅអស់កាលយូរ យ៉ាងណាមិញ ការសមាគមនឹងពួកអសប្បុរសរបស់ខ្ញុំ មិនតាំងនៅ អស់កាលយូរ ដូចទឹកលើទីទួលយ៉ាងនោះដែរ។ បពិត្រព្រះអង្គជាធំជាងជន មានព្យាយាមដ៏ប្រសើរជាងជន ទឹកដែលបង្អុរចុះក្នុងស្រះ ឋិតនៅអស់កាលយូរ យ៉ាងណាមិញ ការសមាគមនឹងពួកសប្បុរសរបស់ខ្ញុំ ឋិតនៅអស់កាលយូរ ដូចទឹកក្នុងស្រះ យ៉ាងនោះដែរ។ សមាគមនឹងពួកសប្បុរស រមែងមិនឃ្លាតចេញទេ គប្បីឋិតនៅដរាបអស់ជីវិត ការសមាគមនឹងពួកអសប្បុរស រមែងវិនាសទៅឆាប់ ដោយប្រការដូច្នេះឯង ព្រោះហេតុនោះ ធម៌របស់ពួកសប្បុរស រមែងឆ្ងាយអំពីពួកអសប្បុរស។
ID: 636873378575524431
ទៅកាន់ទំព័រ៖