ព្រះត្រៃបិដក ភាគ ៦១
[៣៩៣] (ព្រះបាទសុតសោម…) ព្រះរាជាណា ផ្ចាញ់នូវបុគ្គលមិនគួរផ្ចាញ់ (មាតា បិតា) ព្រះរាជានោះ មិនមែនជាព្រះរាជាទេ សំឡាញ់ណា ផ្ចាញ់នូវសំឡាញ់ សំឡាញ់នោះ មិនមែនជាសំឡាញ់ទេ ភរិយាណា មិនខ្លាចប្តី ភរិយានោះមិនមែនជាភរិយាទេ ពួកបុត្រណា មិនចិញ្ចឹមមាតាបិតាជាបុគ្គលចាស់ទុំ ពួកបុត្រនោះ មិនមែនជាកូនទេ។ ពួកសប្បុរស មិនមានក្នុងទីប្រជុំណា ទីនោះ មិនមែនទីប្រជុំទេ ពួកជនណាមិនពោលនូវធម៌ ពួកជននោះ មិនមែនជាសប្បុរសទេ លុះតែពួកជនលះបង់នូវរាគៈ ទោសៈ និងមោហៈហើយ ពោលនូវធម៌ ទើបឈ្មោះថា សប្បុរស។ បណ្ឌិតកាលបើមិនពោល (នូវធម៌) ជាអ្នកច្រឡូកច្រឡំដោយពួកជនពាល ពួកអ្នកផង រមែងស្គាល់មិនបាន លុះតែពោល សំដែងនូវអមតបទ ទើបពួកអ្នកផងស្គាល់បាន។ បណ្ឌិតគប្បីពោលបំភ្លឺនូវធម៌ ផ្គងឡើងនូវធម៌ ជាទង់ជ័យនៃពួកឥសី ពួកឥសីមានសុភាសិតជាទង់ជ័យ ព្រោះជាធម៌ ទុកដូចជាទង់ជ័យនៃពួកឥសី។
ចប់ សុតសោមជាតក ទី៥។
ID: 636873378792836861
ទៅកាន់ទំព័រ៖