ព្រះត្រៃបិដក ភាគ ៦១
[៣៨] (ព្រះរាជា…) អញនោះមុខជានឹងសម្លាប់ខ្លួន ព្រោះមានកាមជាហេតុដោយពិត អញនឹងមិនអាចដើម្បីសម្លាប់នូវធម៌ដោយអធម៌ឡើយ។
[៣៩] (អភិបារក…) បពិត្រព្រះជនិន្ទៈ ទ្រង់មានព្យាយាមក្នុងពួកជនដ៏ប្រសើរ បើព្រះអង្គមិនសព្វព្រះរាជហឫទ័យនឹងនាងឧម្មាទន្តី ដែលជារបស់ទូលព្រះបង្គំជាខ្ញុំទេ ទូលព្រះបង្គំជាខ្ញុំនឹងលះបង់នាងនាកណ្តាលជនទាំងពួង តពីនោះទៅ ព្រះអង្គគប្បីនាំយកនាងឧម្មាទន្តីនោះ ដែលទូលព្រះបង្គំជាខ្ញុំលះបង់ហើយ។
[៤០] (ព្រះរាជា…) នែអភិបារកៈ បើអ្នកលះបង់ (នាងឧម្មាទន្តី) ដែលមិនមានទោស នែ អ្នកធ្វើ (ប្រយោជន៍ដល់ខ្ញុំ) ការលះបង់នោះ គប្បីមិនជាប្រយោជន៍ដល់អ្នកផង ពាក្យតំណេះតំនៀលយ៉ាងច្រើន គប្បីមានដល់អ្នកផង ប័ក្ខពួករបស់អ្នកក្នុងនគរ មិនគប្បីមានផង។
[៤១] (អភិបារក…) បពិត្រព្រះភូមិបាល ទូលព្រះបង្គំជាខ្ញុំនឹងអត់ទ្រាំនូវពាក្យតំណេះតំនៀលនុ៎ះផង នូវនិន្ទាផង នូវសេចក្តីសរសើរផង និងការពោលទោសគ្រប់យ៉ាងថា ហេតុទាំងនុ៎ះ ចូរមកដល់ទូលព្រះបង្គំជាខ្ញុំចុះ បពិត្រព្រះបាទសីវិ សូមទ្រង់ធ្វើនូវសេចក្តីប្រាថ្នាតាមសប្បាយចុះ។
ID: 636873168702450378
ទៅកាន់ទំព័រ៖