ព្រះត្រៃបិដក ភាគ ៦១
មនុស្សទាំងឡាយ គប្បីនៅជាសុខក្នុងផ្ទះរបស់ខ្លួន ក្នុងម្លប់ដ៏ត្រជាក់ ក្នុងដែននៃស្តេច ដែលមិនមានក្រោធ មានច្បាប់ឋិតថេរ។ ខ្ញុំមិនគាប់ចិត្តនឹងអំពើដែលមិនពិចារណា ហើយធ្វើ ដែលធ្វើមិនប្រពៃនុ៎ះទេ ម្យ៉ាងទៀត ជនទាំងឡាយណា ដឹងថា (មិនប្រពៃ) ហើយ មិនធ្វើដោយខ្លួនឯង (អំពើរបស់ជនទាំងឡាយនោះ ទើបខ្ញុំពេញចិត្ត) អ្នកស្តាប់ពាក្យប្រៀបធៀបនេះរបស់ខ្ញុំចុះ។ កាលគោទាំងឡាយកំពុងឆ្លងទៅ បើគោបាទៅវៀចផ្លូវ កាលបើគោអ្នកនាំផ្លូវទៅវៀចហើយ ពួកមេគោទាំងអស់នោះ ក៏ដើរវៀចដែរ។ បណ្តាមនុស្សទាំងឡាយ ក៏ដូច្នោះ ជនណាដែលអ្នកផងសន្មតថាប្រសើរផុត បើជននោះ ប្រព្រឹត្តនូវអធម៌ទៅហើយ នឹងចាំបាច់និយាយទៅថ្វីដល់ប្រជាជនក្រៅនេះ បើព្រះរាជាមិនប្រកបដោយធម៌ រាស្រ្តទាំងអស់ តែងដេកជាទុក្ខ។ កាលបើគោទាំងឡាយកំពុងឆ្លងទៅ គោបាទៅត្រង់ កាលបើគោអ្នកនាំផ្លូវទៅត្រង់ហើយ ពួកមេគោទាំងអស់នោះ ក៏ដើរទៅត្រង់។ បណ្តាមនុស្សទាំងឡាយក៏ដូច្នោះ ជនណាដែលអ្នកផងសន្មតថាប្រសើរផុត បើជននោះប្រព្រឹត្តធម៌ នឹងចាំបាច់ពោលទៅថ្វីដល់ប្រជាជនក្រៅនេះ បើព្រះរាជាទ្រង់ប្រកបដោយធម៌ រាស្រ្តទាំងអស់រមែងដេកជាសុខ។
ID: 636873169712168130
ទៅកាន់ទំព័រ៖