ព្រះត្រៃបិដក ភាគ ៦១
បពិត្រមហារាជ សូមទ្រង់ប្រព្រឹត្តធម៌ក្នុងពួកអ្នកដែនផង ក្នុងពួកអ្នកជនបទផង បពិត្រព្រះរាជា ព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមទ្រង់ប្រព្រឹត្តធម៌ក្នុងសមណៈផង ក្នុងពួកព្រាហ្មណ៍ផង បពិត្រព្រះរាជា ព្រះអង្គប្រព្រឹត្តធម៌ ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រខត្តិយមហារាជ សូមទ្រង់ប្រព្រឹត្តធម៌ ក្នុងពួកម្រឹគ និងបក្សី បពិត្រព្រះរាជា ព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមទ្រង់ប្រព្រឹត្តធម៌ចុះ (ដ្បិត) ធម៌ដែលគេសន្សំហើយ តែងនាំមកនូវសេចក្តីសុខ បពិត្រព្រះរាជា ព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមទ្រង់ប្រព្រឹត្តធម៌ចុះ (ដ្បិត) ព្រះឥន្រ្ទទាំងឡាយ ទេវតាទាំងឡាយ ព្រមទាំងព្រហ្ម បានដល់នូវអត្តភាពជាទិព្វ ដោយសារធម៌ ដែលគេបានសន្សំទុកល្អហើយ បពិត្រព្រះរាជា ព្រះអង្គកុំប្រមាទចំពោះធម៌ឡើយ។
ចប់ ឧម្មាទន្តីជាតក ទី២។
ID: 636873170362905350
ទៅកាន់ទំព័រ៖