ព្រះត្រៃបិដក ភាគ ៦១
ពីដើម អាសនៈរបស់ (អាត្មាភាព) នៅខាងក្នុង (ប្រាសាទ) តមកនៅកណ្តាល (ក្បាលជណ្តើរ) តពីនោះមកទៀត នៅខាងក្រៅ អាត្មាភាពនឹងចេញទៅខ្លួនឯង មុនការបណ្តេញ។ បុគ្គលមិនត្រូវសេពគប់បុគ្គលប្រាសចាកសទ្ធា ដែលទុកដូចអណ្តូងមិនមានទឹក ប្រសិនបើបុគ្គលកកាយអណ្តូងនោះ (ទឹកដែលចេញអំពីអណ្តូងនោះ) មុខជាប្រកបដោយក្លិនភក់ពុំខាន។ បុគ្គលត្រូវសេពគប់ចំពោះតែជនដែលជ្រះថ្លា ត្រូវវៀរចាកជនដែលមិនជ្រះថ្លា ត្រូវចូលទៅអង្គុយជិតជនដែលជ្រះថ្លា ដូចជាបុគ្គលត្រូវការដោយទឹក (ចូលទៅរក) អន្លង់ទឹកដូច្នោះ។ បុគ្គលគួរគប់រកបុរសដែលគប់រក (ខ្លួន) មិនគួរគប់រកបុរសដែលមិនគប់រក (ខ្លួន) ទេ បុគ្គលណា មិនគប់រកបុគ្គលដែលគប់រក (ខ្លួន) បុគ្គលនោះឈ្មោះថាកាន់ធម៌របស់អសប្បុរស។ បុគ្គលណា មិនគប់រកបុគ្គលដែលគប់រក (ខ្លួន) មិនសេពគប់ចំពោះបុគ្គលដែលសេពគប់ (នឹងខ្លួន) បុគ្គលនោះឯង ជាមនុស្សអាក្រក់ផុត ដូចជាម្រឹគ ដែលអាស្រ័យនៅលើមែកឈើ (ស្វា)។ មិត្តទាំងឡាយ លាកចិត្តពីគ្នាដោយហេតុនេះ គឺដោយនៅច្រឡូកច្រឡំគ្នាញឹកពេក ១ ដោយការមិនជួបគ្នាសោះ ១ ដោយការសូមក្នុងកាលមិនគួរ ១។
ID: 636873170882045044
ទៅកាន់ទំព័រ៖