ព្រះត្រៃបិដក ភាគ ៦១
បើពាក្យ (របស់អ្នកថា) សត្វប្រព្រឹត្តទៅតាមសង្គតិ
(១) (នៃអភិជាតិទាំង ៦) និងសភាវៈ សត្វធ្វើនូវអំពើដែលមិនគួរធ្វើ (បាប) ឬអំពើដែលគួរធ្វើ (បុណ្យ) តើនរណា ក្នុងលោកនេះ ប្រឡាក់ដោយបាប ព្រោះអំពើដែលធ្វើដោយការមិនចង់។ បើ (សេចក្តីនៃភាសិតរបស់អ្នក គឺអហេតុកវាទ) នោះ ជាអត្ថផង ជាធម៌ផង ល្អ មិនអាក្រក់ទេ បើពាក្យរបស់អ្នកដ៏ចំរើនជាពាក្យពិត ពានរក៏ឈ្មោះថាអាត្មាសម្លាប់ត្រូវហើយ។ បើអ្នកដឹងនូវកំហុសនៃវាទៈរបស់ខ្លួន អ្នកមិនត្រូវតិះដៀលអាត្មាទេ ដ្បិតវាទៈរបស់អ្នកដ៏ចំរើនបែបនោះ។
(១) នេះជាសេចក្តីយល់របស់ជនជាអហេតុកវាទី។ ក្នុងអដ្ឋកថាសាមញ្ញផលសូត្រ មានសេចក្តីពន្យល់ថា អភិជាតិទាំង៦នោះគឺ កណ្ហាភិជាតិ (ជាតិខ្មៅ) បានដល់ព្រានម្រឹគ ព្រានបក្សី ជាដើម១ នីលាភិជាតិ (ជាតិខៀវ) បានដល់ភិក្ខុក្នុងព្រះពុទ្ធសាសនា១ លោហិតាភិជាតិ (ជាតិក្រហម) បានដល់ពួកនិគ្រន្ថ១ ហលិទ្ទាភិជាតិ (ជាតិលឿងដូចរមៀត) បានដល់ពួកអចេលកសាវ័ក១ សុក្កាភិជាតិ (ជាតិស) បានដល់ពួកអាជីវក១ បរមសុក្កាភិជាតិ (ជាតិសណាស់) បានដល់ពួកជនជានន្ទគោត្រ និងវច្ឆគោត្រជាដើម១។ ការត្រាច់ទៅក្នុងអភិជាតិទាំង៦ ឈ្មោះថា សង្គតិ។ ធម្មតាដែលកើតឡើងដូចៗគ្នា ឈ្មោះថា សភាវៈប្រៀបដូចបន្លាដែលស្រួចឯង ផ្លែខ្វិតមានសណ្ឋានមូលដោយខ្លួនឯង សត្វម្រឹគបក្សី មានសណ្ឋានរូបរាងវិចិត្រផ្សេង ដោយធម្មតាឯងយ៉ាងណាមិញ លោកទាំងអស់ មានសេចក្តីប្រែប្រួលទៅជាយ៉ាងដូច្នោះ មិនបាច់អាស្រ័យហេតុបច្ច័យឡើយ ប្រៀបដូចបន្លាជាដើម យ៉ាងនោះឯង ឈ្មោះថា សភាវៈ។
ID: 636873171459538074
ទៅកាន់ទំព័រ៖