ព្រះត្រៃបិដក ភាគ ៦១
ជនទាំងនុ៎ះ ជាអសប្បុរសក្នុងលោក ជាមនុស្សពាល តែប្រកាន់ខ្លួនថាជាបណ្ឌិត បុគ្គលបែបនោះ ធ្វើបាប (ខ្លួនឯង) ផង ថែមទាំងញ៉ាំងអ្នកដទៃឲ្យធ្វើបាបទៀតផង ការនៅច្រឡូកច្រឡំដោយអសប្បុរស មានទុក្ខជាទីបំផុត មានសេចក្តីក្តៅក្រហាយជាកម្រៃ។ ពួកជនណាពោលថា ព្យាយាមឥតអំពើផង មិនពោលអាងហេតុផង ពណ៌នានូវអំពើរបស់បុគ្គលដទៃ និងអំពើរបស់ខ្លួន ថាជាអំពើសូន្យទទេផង។ ពួកជននុ៎ះ ជាអសប្បុរសក្នុងលោក ជាមនុស្សពាល តែប្រកាន់ខ្លួនថាជាបណ្ឌិត បុរសបែបនោះ ធ្វើបាប (ខ្លួនឯង) ផង ថែមទាំងញ៉ាំងអ្នកដទៃឲ្យធ្វើបាបទៀតផង ការនៅច្រឡូកច្រឡំដោយអសប្បុរស មានទុក្ខជាទីបំផុត មានសេចក្តីក្តៅក្រហាយជាកម្រៃ ប្រសិនបើការព្យាយាមឥតអំពើ មិនមានអំពើល្អ និងអាក្រក់ទេ ព្រះរាជាមិនគប្បីចិញ្ចឹមនូវជាងឈើ ទាំងមិនគប្បីឲ្យគេធ្វើនូវយន្តទាំងឡាយឡើយ។ ព្រោះហេតុតែការព្យាយាមមានផង អំពើល្អ និងអាក្រក់មានផង បានជាព្រះរាជាតែងចាត់ឲ្យធ្វើនូវយន្តទាំងឡាយ តែងចិញ្ចឹមនូវជាងឈើ។ ប្រសិនបើភ្លៀងខានបង្អុរចុះ រហូតមួយរយឆ្នាំ ទាំងទឹកសន្សើម ក៏មិនធ្លាក់ចុះសោះ មុខជាលោកនេះ នឹងសូន្យឈឹង ពពួកសត្វនេះ នឹងវិនាស។
ID: 636873172640935646
ទៅកាន់ទំព័រ៖