ព្រះត្រៃបិដក ភាគ ៦១
ព្រោះហេតុតែភ្លៀងបង្អុរចុះផង ទាំងទឹកសន្សើម ក៏ផ្សើមរឿយៗ ផង បានជាសន្ទូងទាំងឡាយលូតលាស់ល្អ ទាំងអ្នកដែន ក៏ព្រះរាជាទ្រង់រក្សាអស់កាលជាអង្វែងផង។ កាលពួកគោ កំពុងឆ្លងទៅ (កាន់ទីណាមួយ) បើគោបាទៅវៀច កាលបើគោបានាំពួកគោទៅវៀច មេគោទាំងអស់នោះក៏ទៅវៀច។ បណ្ដាពួកមនុស្សក៏ដូច្នោះដែរ បុគ្គលណាដែលអ្នកផងសន្មតថា ប្រសើរផុត បើបុគ្គលនោះប្រព្រឹត្តអធម៌ហើយ នឹងចាំបាច់និយាយថ្វី ដល់ប្រជាជនក្រៅនេះ បើព្រះរាជាមិនប្រកបដោយធម៌ អ្នកដែនទាំងអស់ក៏ដេកជាទុក្ខ។ កាលពួកគោកំពុងឆ្លងទៅ បើគោបាទៅត្រង់ កាលបើគោបានាំគេទៅត្រង់ មេគោទាំងអស់នោះក៏ទៅត្រង់។ ពួកមនុស្សក៏ដូច្នោះដែរ បុគ្គលណាដែលអ្នកផងសន្មតថា ប្រសើរផុត ប្រសិនបើបុគ្គលនោះប្រព្រឹត្តធម៌ នឹងចាំបាច់និយាយថ្វី ដល់ប្រជាជនក្រៅនេះ បើព្រះរាជាប្រកបដោយធម៌ អ្នកដែនទាំងអស់ក៏ដេកជាសុខ។ បុគ្គលណា បេះផ្លែខ្ចីនៃឈើធំដែលមានផ្លែ (បុគ្គលនោះ) រមែងមិនដឹងនូវរសនៃផ្លែឈើនោះផង ទាំងពូជនៃផ្លែឈើនោះ ក៏វិនាសទៅផង។ ព្រះរាជាណា គ្រប់គ្រងដែនដែលប្រៀបដូចដើមឈើធំ ដោយអធម៌ (ព្រះរាជានោះ) ឈ្មោះថា មិនជ្រាបនូវរសរបស់ដែននោះផង ទាំងដែនរបស់ព្រះរាជានោះក៏វិនាសផង។ បុគ្គលណា បេះផ្លែឈើទុំនៃដើមឈើធំ ដែលមានផ្លែ បុគ្គលនោះ រមែងដឹងនូវរសនៃផ្លែឈើនោះផង ទាំងពូជរបស់ផ្លែឈើនោះ ក៏មិនវិនាសផង។
ID: 636873172888629814
ទៅកាន់ទំព័រ៖