ព្រះត្រៃបិដក ភាគ ៦១
ព្រះរាជាណា គ្រប់គ្រងដែនដែលប្រៀបដូចជាដើមឈើធំដោយធម៌ (ព្រះរាជានោះ) ឈ្មោះថាបានជ្រាបនូវរសរបស់ដែននោះផង ទាំងដែនរបស់ព្រះរាជានោះ ក៏មិនវិនាសផង។ ព្រះរាជាណាមួយ គ្រប់គ្រងជនបទដោយអធម៌ (លុះអំណាចអគតិ) ព្រះរាជាជាខត្តិយៈនោះ ឈ្មោះថា សាបសូន្យចាកដើមឈើ ដែលត្រូវជាឱសធទាំងអស់។ មួយទៀត (ព្រះរាជាអង្គណា) បៀតបៀនពួកកុដុម្ពិក៍ ដែលនៅក្នុងនិគម (ផង) បៀតបៀនពួកពាណិជ ដែលប្រកបក្នុងការលក់ចេញទិញចូល ជាអ្នកធ្វើនូវការថ្វាយពន្ធដារ និងពលិការ (ផង) ព្រះរាជានោះ ឈ្មោះថាសាបសូន្យចាកឃ្លាំង។ ព្រះរាជាណា បៀតបៀននូវខ្មាន់ធ្នូ ដែលជាអ្នកដឹងនូវកន្លែងយ៉ាងតំណំ ដែលគួរប្រហារ និងពួកទាហានធំ ដែលជាអ្នកពិចារណាធ្វើការក្នុងសង្គ្រាម និងមហាមាត្យ ដែលមានស័ក្តិធំៗ ព្រះរាជានោះ ឈ្មោះថាសាបសូន្យចាកពល។
ID: 636873173078410668
ទៅកាន់ទំព័រ៖