ព្រះត្រៃបិដក ភាគ ៦១
កាលពួកសត្វលោកមានគ្រឿងឆេះ កំពុងត្រូវភ្លើងឆេះ សោណកៈ មិនមានគ្រឿងឆេះ ជាបុគ្គលរលត់ហើយ កំពុងចំរើនឈានជិតគល់ឈើទាំងនោះ។
[៦៩] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះរាជាទ្រង់ប្រើបំរើឲ្យចាត់ចែងធ្វើផ្លូវរាបស្មើ យាងចេញទៅដោយសេនាមានអង្គ ៤ សំដៅទៅត្រង់កន្លែងដែលព្រះបច្ចេកពុទ្ធព្រះនាមសោណកៈគង់នៅ។ លុះព្រះរាជាទ្រង់យាងទៅដល់ទីឧទ្យានហើយ ទ្រង់ត្រាច់ទៅក្នុងព្រៃធំ បានទតឃើញព្រះសោណកបច្ចេកពុទ្ធ កាលដែលពួកសត្វលោកកំពុងត្រូវភ្លើងឆេះ លោកជាបុគ្គលរលត់ គង់នៅហើយ។
[៧០] (ព្រះរាជា…) ភិក្ខុត្រងោលដណ្តប់សង្ឃាដិ មិនមានមាតានេះ កំព្រាណាស់តើ ស្ងួតស្ងប់ជិតគល់ឈើ។
[៧១] (អភិសម្ពុទ្ធគាថា) ព្រះសោណកបច្ចេកពុទ្ធ ស្តាប់ព្រះបន្ទូលនេះហើយ បានថ្វាយព្រះពរយ៉ាងនេះថា បពិត្រព្រះរាជា បុគ្គលដែលពាល់ត្រូវនូវធម៌ដោយកាយ មិនមែនឈ្មោះថា កំព្រាទេ។ បុគ្គលណា ក្នុងលោកនេះ លះធម៌ចោលហើយ ប្រព្រឹត្តតាមអធម៌វិញ បពិត្រព្រះរាជា បុគ្គលនោះ ទើបឈ្មោះថា កំព្រា ជាបុគ្គលអាក្រក់ ជាទីសង្ឃឹមរបស់បុគ្គលអាក្រក់។
ID: 636873174074797659
ទៅកាន់ទំព័រ៖