ព្រះត្រៃបិដក ភាគ ៦១
[៧២] (ព្រះរាជា…) ខ្ញុំឈ្មោះអរិន្ទមៈ អ្នកផងស្គាល់ខ្ញុំថាកាសិរាជ បពិត្រព្រះសោណកៈ លោកដ៏ចំរើនមកដល់ក្នុងទីនេះ សិងនៅជាសុខទេឬ។
[៧៣] (ព្រះបច្ចេកពុទ្ធ…) សេចក្តីចំរើន (តែងមាន) ដល់ភិក្ខុមិនមានទ្រព្យ មិនមានផ្ទះ សព្វកាល គឺ (ទ្រព្យ និងធញ្ញជាតិទាំងឡាយ) របស់ភិក្ខុទាំងនោះ លែងចូលទៅក្នុងជង្រុក លែងចូលទៅក្នុងឆ្នាំង លែងចូលទៅក្នុងក្រឡោបិ៍ទៀតហើយ លោកមានវត្តល្អ មានការស្វែងរកសម្រេចហើយ រមែងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយបិណ្ឌបាតនោះ។ សេចក្តីចំរើនទីពីរ (តែងមាន) ដល់ភិក្ខុមិនមានទ្រព្យ មិនមានផ្ទះ គឺបរិភោគដុំបាយ ដែលមិនមានទោស កិលេសណាមួយបៀតបៀនមិនបានទេ។ សេចក្តីចំរើនទីបី (តែងមាន)ដល់ភិក្ខុមិនមានទ្រព្យ មិនមានផ្ទះ គឺឆាន់ដុំបាយដ៏ត្រជាក់ (មិនជាថេយ្យបរិភោគជាដើម) កិលេសណាមួយបៀតបៀនមិនបានទេ។ សេចក្តីចំរើនទីបួន (តែងមាន) ដល់ភិក្ខុមិនមានទ្រព្យ មិនមានផ្ទះ គឺសេចក្តីជាប់ចំពាក់ មិនមានដល់ភិក្ខុដែលផុតស្រឡះ (ចាកត្រកូល) ត្រាច់ទៅក្នុងដែន។ សេចក្តីចំរើនទីប្រាំ (តែងមាន) ដល់ភិក្ខុមិនមានទ្រព្យ មិនមានផ្ទះ គឺកាលបើនគរកំពុងត្រូវភ្លើងឆេះ វត្ថុបន្តិចបន្តួចរបស់ភិក្ខុនោះ ភ្លើងមិនឆេះទេ។
ID: 636873174279799384
ទៅកាន់ទំព័រ៖