ព្រះត្រៃបិដក ភាគ ៦១
ចំណែកពួកជនណា លះបង់កាម ហើយចេញទៅ មិនមានភ័យអំពីកិលេសណាមួយ បាននូវភាពជាបុគ្គលឯក ពួកជននោះ មិនទៅកាន់ទុគ្គតិ។ បពិត្រព្រះអរិន្ទមៈ អាត្មាភាពនឹងធ្វើសេចក្តីឧបមាថ្វាយព្រះអង្គ សូមព្រះអង្គទ្រង់ព្រះសណ្តាប់សេចក្តីឧបមានោះ ព្រោះពួកបណ្ឌិតខ្លះក្នុងលោកនេះ តែងយល់សេចក្តីដោយសារឧបមា។ ក្អែកឥតប្រាជ្ញា ឥតសេចក្តីគ្នេរគ្នាន់ ឃើញសាកសព (ដំរី) កំពុងអណ្តែតតាមទន្លេគង្គាទៅក្នុងសមុទ្រ ហើយគិតថា អៃយ៉ា! អញបានយាននេះហើយផង ដំរីនេះ នឹងបានជាចំណីអញយ៉ាងច្រើនផង ចិត្តរបស់ក្អែកនោះ ក៏ត្រេកអរក្នុងដំរីនោះទាំងថ្ងៃទាំងយប់។ ក្អែកចឹកស៊ីសាច់ដំរី ផឹកទឹកទន្លេគង្គា ឃើញព្រៃដែលគេសន្មតថា ចេតិយ ក៏មិនហើរទៅ។ ទន្លេគង្គាហូរទៅ បាននាំក្អែកនោះ ដែលប្រហែសធ្វេស ត្រេកអរក្នុងសាកសព ទៅកាន់សមុទ្រដែលមិនមែនជាទីទៅនៃបក្សី។ សត្វហើរនោះអស់ចំណីរលីងហើយ ក៏ហើរឡើងទៅទិសខាងលិចមិនរួច ទៅទិសខាងកើតមិនរួច ទៅទិសខាងជើងមិនរួច ទៅទិសខាងត្បូងមិនរួច។ ក្អែកនោះទៅកាន់សមុទ្រ ដែលមិនមែនជាទីទៅនៃពួកបក្សី ក៏មិនបាននូវទីពឹង ធ្លាក់ទៅក្នុងសមុទ្រនោះឯង ដូចជាបុគ្គលមានកំឡាំងថយ។
ID: 636873174681502360
ទៅកាន់ទំព័រ៖