ព្រះត្រៃបិដក ភាគ ៦១
ដំរី ៦០,០០០ ស្អិតស្អាងដោយ គ្រឿងប្រដាប់គ្រប់យ៉ាង មានខ្សែដង្គន់ធ្វើអំពីមាស បិទបាំងដោយកម្រាលដែលធ្វើអំពីមាស ជាដំរីកើតក្នុងព្រៃមាតង្គៈ។ ដំរីណាដែលពួកហ្មដំរីមានដៃកាន់អាវុធ និងកង្វេរ ឡើងជិះ នែបុត្រ អ្នកចូរថែទាំពួកដំរីទាំងនោះចុះ អញប្រគល់រាជ្យដល់អ្នក។ អញនឹងបួសក្នុងថ្ងៃនេះឯង អ្នកណាគប្បីដឹងថា សេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែក កុំឲ្យអញលុះក្នុងអំណាចនៃកាមទាំងឡាយ ដូចជាក្អែកឆោតឡើយ។ សេះ ៦០,០០០ ស្អិតស្អាងដោយគ្រឿងប្រដាប់គ្រប់យ៉ាង ជាសេះអាជានីយដោយកំណើត ជាសេះសិន្ធវៈ ជាពាហនៈយ៉ាងលឿន ដែលពួកសារថីកាន់ស៊ែ និងធ្នូជិះ នែបុត្រ បាចូរថែទាំសេះទាំងនោះចុះ អញប្រគល់រាជ្យដល់បា។ អញនឹងបួសក្នុងថ្ងៃនេះឯង អ្នកណាគប្បីដឹងថា សេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែក កុំឲ្យអញលុះក្នុងអំណាចនៃកាមទាំងឡាយ ដូចជាក្អែកឆោតឡើយ។ រថ ៦០,០០០ ដែលគេទឹមហើយ ដោតទង់ជ័យ ស្រោបដោយស្បែកខ្លាដំបង ស្រោបដោយស្បែកខ្លាធំ ស្អិតស្អាងដោយគ្រឿងប្រដាប់គ្រប់យ៉ាង។ អ្នកបររថ មានដៃកាន់ធ្នូ សៀតខែល ហើយឡើងជិះ នែបុត្រ បាចូរថែទាំរថទាំងនោះចុះ អញប្រគល់រាជ្យដល់បា។
ID: 636873175420354620
ទៅកាន់ទំព័រ៖