ព្រះត្រៃបិដក ភាគ ៦១
អញនឹងបួសក្នុងថ្ងៃនេះឯង អ្នកណាគប្បីដឹងថា សេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែក កុំឲ្យអញលុះក្នុងអំណាចនៃកាមទាំងឡាយ ដូចជាក្អែកឆោតឡើយ។ មេគោ ៦០,០០០ ជាមេគោក្រហម ប្រកបដោយគោខ្លោង (គោបា) នែបុត្រ បាចូរថែទាំមេគោទំាំងនោះចុះ អញប្រគល់រាជ្យដល់បា។ អញនឹងបួសក្នុងថ្ងៃនេះឯង អ្នកណាគប្បីដឹងថា សេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែក កុំឲ្យអញលុះក្នុងអំណាចនៃកាមទាំងឡាយដូចជាក្អែកឆោតឡើយ។ ស្ត្រី ១៦,០០០ ស្អិតស្អាងដោយគ្រឿងប្រដាប់គ្រប់យ៉ាង មានសំពត់ និងអាភរណៈដ៏វិចិត្រ ពាក់កុណ្ឌលកែវមណី នែបុត្រ បាចូរថែទាំស្រ្តីទាំងនោះចុះ អញប្រគល់រាជ្យដល់បា។ អញនឹងបួសក្នុងថ្ងៃនេះឯង អ្នកណាគប្បីដឹងថា សេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែក កុំឲ្យអញលុះក្នុងអំណាចនៃកាមទាំងឡាយដូចជាក្អែកឆោតឡើយ។
[៨២] (ព្រះរាជកុមារ…) បពិត្រព្រះវរបិតា កាលដែលទូលព្រះបង្គំជាខ្ញុំនៅក្មេងនៅឡើយ ទូលព្រះបង្គំជាខ្ញុំបានឮថា ព្រះវរមាតាទ្រង់សោយវិលាល័យទៅហើយ បពិត្រព្រះវរបិតា ទូលព្រះបង្គំជាខ្ញុំព្រាត់ប្រាសចាកព្រះអង្គហើយ មិនអាចនឹងរស់នៅបានទេ។ កូនដំរីរមែងទៅតាមក្រោយដំរីដែលនៅក្នុងព្រៃ ដើរទៅក្នុងជង្ហុកនៃភ្នំទាំងឡាយ ដែលរាបស្មើ និងមិនរាបស្មើ យ៉ាងណាមិញ។
ID: 636873175632906777
ទៅកាន់ទំព័រ៖