ព្រះត្រៃបិដក ភាគ ៦១
សង្កិច្ចជាតក ទី២
[៩០] (អភិសម្ពុទ្ធគាថា) (ឧយ្យានបាលនោះ) ឃើញព្រះរាជាទ្រង់ព្រះនាមព្រហ្មទត្ត ប្រសើរក្នុងរថហើយ ក្រាបទូលព្រះរាជានោះក្នុងគ្រានោះថា ព្រះអង្គជាបុគ្គលឈឺឆ្អាលដល់ឥសីណា។ ឥសីឈ្មោះសង្កិច្ចនេះ ដែលគេសន្មតថាជាសប្បុរសរបស់ពួកឥសី មកដល់ហើយ សូមព្រះអង្គប្រញាប់ប្រញាល់ យាងចេញទៅជួបនឹងមហាឥសីឲ្យឆាប់។ លំដាប់នោះ ព្រះរាជាប្រសើរក្នុងរថ មានមិត្រ និងអាមាត្យហែហម ទ្រង់ប្រញាប់ឡើងកាន់រថ ដែលគេទឹមហើយ ទ្រង់យាងទៅ។ ព្រះរាជាញ៉ាំងដែននៃពួកកាសីឲ្យចំរើនទ្រង់ដាក់គ្រឿងកកុធៈ ៥ យ៉ាង គឺ ផ្លិតរោមសត្វ ១ មកុដ ១ ព្រះខាន់ ១ ឆ័ត្រ ១ សុពណ៌បាទុកា ១។ លុះព្រះរាជាទ្រង់យាងចុះអំពីយាន ទុកគ្រឿងកកុធៈហើយ ទើបយាងចូលទៅរកសង្កិច្ចឥសី ដែលអង្គុយក្នុងឧទ្យានឈ្មោះទាយបស្សៈ។ ព្រះរាជានោះ ចូលទៅសំណេះសំណាលជាមួយនឹងឥសី លុះបញ្ចប់ពាក្យនោះហើយ ក៏គង់ក្នុងទីដ៏សមគួរ។ ព្រះរាជាគង់ស៊ប់ក្នុងទីសមគួរហើយ ទើបទ្រង់ជ្រាបនូវកាលគួរប្រតិបត្តិ ដើម្បីសួរនូវបាបកម្មទាំងឡាយក្នុងពេលនោះ។
ID: 636873176461444167
ទៅកាន់ទំព័រ៖