ព្រះត្រៃបិដក ភាគ ៦១
សញ្ជីវនរក ១ កាឡសុត្តៈ ១ សង្ឃាដៈ ១ រោរុវៈ ២ នរកដទៃទៀត គឺមហាអវីចិ ១ តាបនៈ ១ បតាបនៈ ១។ នរកទាំង ៨ នុ៎ះ ដែលអ្នកប្រាជ្ញទាំងឡាយបានសំដែងហើយដោយប្រការដូច្នេះ កម្រមានបុគ្គលណាកន្លងរំលងបាន តាន់តាប់ដោយពួកសត្វដែលមានកម្មអាក្រក់ ចំពោះមហានរកមួយៗ មានឧស្សទនរក ១៦។ (នរកទាំងនោះ) ជាទីកំដៅអ្នកកំណាញ់ស្វិតស្វាញ ជានរកដ៏ពន្លឹក មានអណ្តាតភ្លើង មានភ័យធំ មានសភាពជាទីព្រឺរោម គួរឲ្យស្បើម បណ្តាលឲ្យខ្លបខ្លាច ជាទុក្ខ។ (នរកទាំងនោះ) មានមុំ ៤ មានទ្វារ ៤ ដែលបាបកម្មចែកវាស់ដោយចំណែក មានកំពែងដែកព័ទ្ធជុំវិញ ប្រក់ដោយក្បឿងដែក។ ភូមិរបស់នរកទាំងនោះជាវិការៈនៃដែកឆេះឡើង ប្រកបដោយកំដៅ (នរកទាំងអស់នោះ) ផ្សាយទៅអស់ទី ១០០ យោជន៍ជុំវិញ ឋិតនៅសព្វៗ កាល។ ពួកជនអ្នកតិះដៀលពួកឥសី ជាអ្នកសង្រួម មានតបៈនុ៎ះ រមែងធ្លាក់ទៅក្នុងនរក មានជើងឡើងលើ មានក្បាលចុះក្រោម។ ពួកជនអ្នកធ្វើអំពើអាក្រក់ ជាអ្នកបំផ្លិចបំផ្លាញសេចក្តីចំរើននោះ ត្រូវពួកនិរយបាលដុត ដូចជាពួកត្រីដែលគេធ្វើឲ្យជាចំណែក (ដោតអាំង) អស់ឆ្នាំរាប់មិនអស់។
ID: 636873176896339041
ទៅកាន់ទំព័រ៖