ព្រះត្រៃបិដក ភាគ ៦១
ពួកសត្វនរកមានខ្លួនត្រូវភ្លើងឆេះហើយ ទាំងខាងក្នុងខាងក្រៅជានិច្ច ស្វែងរកនូវទីចេញអំពីនរក តែមិនបាននូវទ្វារ។ ពួកសត្វនរកនោះស្ទុះទៅទិសខាងកើត ស្ទុះអំពីទិសខាងកើតនោះ ទៅទិសខាងលិច ស្ទុះទៅទិសខាងជើង ស្ទុះអំពីទិសខាងជើង ទៅទិសខាងត្បូង សត្វនរកទាំងនោះទៅដល់ទ្វារណាៗ ទ្វារនោះៗ ឯង ក៏បិទជិត។ ពួកជនដែលទៅកាន់នរក រងទុក្ខច្រើន ផ្គងដើមដៃកន្ទក់កន្ទេញអស់សែននៃឆ្នាំជាច្រើន។ បុគ្គលមិនគប្បីចូលទៅបៀតបៀននូវពួកឥសី ដែលមានសភាពជាសប្បុរស ដូចជាបុគ្គលមិនគួរចូលទៅជិតអាសីរពិសដែលខឹង មានតេជះគេកន្លងរំលងបានដោយក្រ (ជនទាំងនោះ រមែងធ្លាក់ទៅក្នុងនរក ព្រោះតែបៀតបៀន) នូវពួកឥសីអ្នកសង្រួមមានតបៈ។ ព្រះរាជាព្រះនាមអជ្ជុនៈ មានខ្មាន់ធ្នូដ៏ប្រសើរ មានពួកពលដ៏ច្រើន ជាអធិបតីក្នុងដែនឈ្មោះកេតកៈ អាចលើកធ្នូដែលពួកខ្មាន់ធ្នូ ៥០០ លើកឡើងបានដោយដើមដៃ ១,០០០ បៀតបៀនឥសីឈ្មោះគោតមៈ ហើយវិនាស។ ព្រះរាជាទណ្ឌកី បានបាចរោយធូលី (ស្តោះ) លើតាបសឈ្មោះកីសវច្ឆៈ មិនមានធូលី (កិលេស) ព្រះរាជានោះ ក៏ដល់នូវសេចក្តីវិនាស ដូចជាដើមត្នោត ដែលគេកាត់ត្រង់គល់។
ID: 636873177067728844
ទៅកាន់ទំព័រ៖