ព្រះត្រៃបិដក ភាគ ៦១

​មាណព​នោះ​ ​មាន​គ្រឿងប្រដាប់​ដទៃទៀត​មាន​ពន្លឺ​ ​៤​ ​ពណ៌​គឺ​ ​ពណ៌ខៀវ​ ​លឿង​ ​ក្រហម​ ​ស​ ​កាលបើ​មាណព​ ​(​នោះ​)​ ​ដើរទៅ​ ​គ្រឿងប្រដាប់​ទាំង​នោះ​ញ័រ​ៗ​ ​ដូចជា​ពួក​នៃ​សត្វ​មេភ្លៀង​ ​ក្នុង​ពេល​កំពុង​ភ្លៀង​។​ ​(​មាណព​នោះ​)​ ​មិន​ពាក់ស​ង្វារ​ស្មៅ​យាប្លង​ទេ​ ​មិន​ប្រើប្រាស់​សំពត់​សំបក​ឈើ​ទេ​ ​មិន​ប្រើប្រាស់​សំពត់​ដែល​ត្បាញ​ដោយ​ស្មៅ​ដំណេក​ទន្សាយ​ទេ​ ​គ្រឿងប្រដាប់​ទាំងនោះ​ ​ជាប់​នៅត្រង់​ចន្លោះ​នៃ​ស្មង​ ​ភ្លឺ​ដូចជា​ផ្លេកបន្ទោរ​ ​ដែល​ចាំង​ឰដ៏​អាកាស​។​ ​(​មាណព​នោះ​ ​មាន​គ្រឿងប្រដាប់​ដេរ​ដោយ​សូត្រ​)​ ​មិន​មានស្នាម​គ្រោតគ្រាត​ផង​ ​មិន​មាន​ទង​ ​(​អាចម៍​ដង្កូវ​)​ ​ផង​ ​ចង​ព័ទ្ធ​ត្រង់​ចង្កេះ​ ​ពី​ត្រឹម​ផ្ចិត​ចុះទៅ​ខាងក្រោម​ ​គ្រឿងប្រដាប់​ទាំងនោះ​ ​ទុកជា​ឥតមាន​អ្វី​ប៉ះពាល់​សោះ​ ​ក៏​ធ្វើ​នូវ​ល្បែង​ជានិច្ច​ ​គឺ​ញ័រ​រវិច​ជាប្រក្រតី​ ​បពិត្របិតា​ដ៏​ចំរើន​ ​គ្រឿងប្រដាប់​ទាំងនោះ​ ​ឈ្មោះថា​ផ្លែឈើ​អ្វី​។​ ​ផ្នួងសក់​របស់​មាណព​នោះ​ ​ក៏​គួរឲ្យ​ចង់​មើល​ក្រៃពេក​ ​(​បើ​មើល​)​ ​ជាង​មួយ​រយ​ដង​ ​(​ក៏​មិនអស់ចិត្ត​)​ ​មាន​ចុងង​ខ្វង់​ ​មាន​ក្លិនក្រអូប​ ​(​មាណព​នោះ​)​ ​មាន​សក់​ក្បាល​ញែក​ជា​ពីរ​ ​សិត​ញែក​ស្អាតបាត​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​នឹង​បាន​ឲ្យ​ផ្នួងសក់​របស់ខ្ញុំ​ល្អ​ដូច្នោះ​ផង​។
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636873165378980286
ទៅកាន់ទំព័រ៖