ព្រះត្រៃបិដក ភាគ ៦១
[១៣៦] (ព្រះបាទមនោជៈ…) ការខ្វល់ខ្វាយបំរើ មានភាពដែលលោកដ៏ចំរើនធ្វើហើយ នេះជាការមិនមែនតិច កាលដែលភ្លៀងកំពុងធ្លាក់ចុះ លោកដ៏ចំរើនអាចធ្វើមិនឲ្យមានភ្លៀងបាន។ តអំពីនោះមក លោកដ៏ចំរើនអាចធ្វើឲ្យម្លប់ដ៏ត្រជាក់បាន ក្នុងទីមានខ្យល់ និងកំដៅថ្ងៃដ៏ខ្លាំង តពីនោះមក លោកដ៏ចំរើនអាចធ្វើគ្រឿងការពារព្រួញ ក្នុងកណ្តាលនៃសត្រូវទាំងឡាយបាន។ តពីនោះមក លោកដ៏ចំរើនអាចធ្វើដែនទាំងឡាយ ដ៏សម្បូណ៌ (និង) អ្នកដែនទាំងនោះឲ្យលុះក្នុងអំណាច (របស់យើងខ្ញុំ) តពីនោះមក លោកដ៏ចំរើនអាចធ្វើក្សត្រិយ៍ ១០១ ឲ្យជាចំណុះ (នៃយើងខ្ញុំបាន)។ យើងខ្ញុំត្រេកអរនឹងលោកដ៏ចំរើន លោកចង់បានរតនៈ (ណា) ចូរទទួលយករតនៈនោះចុះ យើងខ្ញុំប្រគេនយានដំរី រថ សេះ ពួកនាងនារីដែលប្រដាប់ស្រេច ទាំងលំនៅគួរឲ្យត្រេកអរទាំងឡាយដល់លោកដ៏ចំរើន។ មួយទៀត យើងខ្ញុំប្រគេនដែនអង្គៈ ឬមគធៈ ដល់លោកដ៏ចំរើន មួយទៀត យើងខ្ញុំសប្បាយចិត្ត ប្រគេនដែនអស្សកៈ ឬដែនអវន្តិដល់លោក។ យើងខ្ញុំប្រគេនរាជ្យពាក់កណ្តាល ដល់លោកដ៏ចំរើន បើលោកត្រូវការដោយរាជ្យ លោកចង់បានរបស់ណា សូមត្រួតត្រារបស់នោះចុះ។
ID: 636873183714779034
ទៅកាន់ទំព័រ៖