ព្រះត្រៃបិដក ភាគ ៦១
សុត្តន្តបិដក
ខុទ្ទកនិកាយ ជាតក
ទសមភាគ
សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
បញ្ញាសនិបាតជាតក
នឡិនិកាជាតក ទី១
[១] (ព្រះបាទព្រហ្មទត្ត ត្រាស់ថា) ម្នាលនាងនឡិនិកា ជនបទក្តៅស្ងួត ទាំងដែនក៏វិនាស ចូរនាងមក ចូរនាងទៅញ៉ាំងព្រាហ្មណ៍ (អ្នកធ្វើនូវសេចក្តីវិនាស) ដល់អញនោះ ឲ្យមកលុះអំណាចរបស់ខ្លួន។
[២] (នាងនឡិនិកា ក្រាបទូលថា) បពិត្រព្រះរាជា ខ្ញុំម្ចាស់អត់ទ្រាំសេចក្តីលំបាកពុំបាន ខ្ញុំម្ចាស់មិនស្ទាត់ផ្លូវឆ្ងាយ ខ្ញុំម្ចាស់នឹងទៅកាន់ព្រៃ ដែលមានដំរីនៅអាស្រ័យ ដូចម្តេចបាន។
[៣] (ព្រះរាជា…) ម្នាលនាងនឡិនិកា នាងចូរទៅកាន់ជនបទដ៏ស្តុកស្តម្ភ ហើយទៅដោយដំរីផង ដោយរថផង ដោយយាន (ទូក) ដែលគេគាបដោយឈើផង យ៉ាងនេះចុះ។
ID: 636873163510703427
ទៅកាន់ទំព័រ៖