ព្រះត្រៃបិដក ភាគ ៦១
[១៩៨] ប្រយោជន៍ទាំងអស់ របស់ពួកជនអ្នកមានមិត្ត រមែងសម្រេចសេចក្តីសុខយ៉ាងនេះ ដូចជាហង្សឈ្មោះធតរដ្ឋៈ និងហង្សឈ្មោះសុមុខៈ បានហើរចូលទៅរកពួកញាតិដូច្នោះ។
ចប់ ចុល្លហង្សជាតក ទី១។
មហាហំសជាតក ទី២
[១៩៩] (រាជហង្សពោលថា) ហង្សទាំងឡាយនេះ ត្រូវភ័យគំរាមហើយ នាំគ្នាហើរទៅ ម្នាលសុមុខៈ អ្នកមានស្បែកដូចមាស មានសម្បុរដូចមាស អ្នកចូរហើរទៅតាមប្រាថ្នាចុះ។ ពួកបក្សីជាញាតិបានលះចោលនូវយើង ដែលលុះអំណាចនៃអន្ទាក់តែម្នាក់ឯង មិនអាល័យហើរទៅ អ្នកក្រាញនៅតែម្នាក់ឯងដូចម្តេច។ ម្នាលអ្នកដ៏ប្រសើរជាងពួកបក្សី អ្នកចូរហើរទៅចុះ ព្រោះថា ភាពជាសំឡាញ់នឹងយើងដែលជាប់ចំណង មិនមានទេ អ្នកកុំធ្វើខ្លួនឲ្យសាបសូន្យចាកសេចក្តីសុខឡើយ ម្នាលសុមុខៈ អ្នកចូរហើរទៅតាមប្រាថ្នាចុះ។
[២០០] (ហង្សសេនាបតីឈ្មោះសុមុខៈពោលថា) បពិត្រព្រះបាទធតរដ្ឋៈ ទូលព្រះបង្គំជាខ្ញុំ សូម្បីសេចក្តីទុក្ខគ្របសង្កត់ហើយ ក៏មិនគប្បីលះចោលព្រះអង្គ ជីវិត ឬសេចក្តីស្លាប់របស់ទូលព្រះបង្គំជាខ្ញុំ នឹងមានជាមួយព្រះអង្គ។ បពិត្រព្រះបាទធតរដ្ឋៈ ទូលព្រះបង្គំជាខ្ញុំ សូម្បីសេចក្តីទុក្ខគ្របសង្កត់ហើយ ក៏មិនគប្បីលះចោលព្រះអង្គ ទាំងព្រះអង្គ ក៏មិនគួរប្រកបទូលព្រះបង្គំជាខ្ញុំ ក្នុងអំពើមិនប្រសើរទេ។
ID: 636873352951248806
ទៅកាន់ទំព័រ៖