ព្រះត្រៃបិដក ភាគ ៦១
បើអ្នកឃើញនូវព្រហ្មចារី (នោះទៀត) បើអ្នកចរចាជាមួយនឹងព្រហ្មចារី (នោះទៀត) អ្នកនឹងបំផ្លាញនូវតបោគុណនេះយ៉ាងឆាប់មិនខាន ដូចជាសន្ទូងដ៏ល្អបរិបូណ៌ ដែលទឹកធំបំផ្លាញដូច្នោះ។ បើអ្នកនឹងឃើញនូវព្រហ្មចារី (នោះ) ទៀត បើអ្នកចរចាជាមួយនឹងព្រហ្មចារី (នោះ) ទៀត អ្នកនឹងបំផ្លាញនូវតេជះរបស់សមណៈនេះយ៉ាងឆាប់មិនខាន ដូចជាសន្ទូងល្អបរិបូណ៌ ដែលទឹកធំបំផ្លាញដូច្នោះ។ នែកូន ភូតទាំងឡាយនេះ តែងត្រាច់ទៅក្នុងមនុស្សលោក ដោយបែបភាពនៃរូបផ្សេងៗ ជនអ្នកមានប្រាជ្ញា មិនត្រូវគប់រកនឹងភូតទាំងឡាយនោះឡើយ បុគ្គលជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ តែងវិនាសទៅ (ព្រោះដល់) នូវការជាប់ចំពាក់ (នឹងភូតបែបនោះឯង)។
ចប់ នឡិនិកាជាតក ទី១។
ឧម្មាទន្តីជាតក ទី២
[២០] (ព្រះបាទសិវិ ត្រាស់សួរសារថីថា) ហៃសុនន្ទៈ នេះជាទីលំនៅរបស់នរណាហ្ន៎ ដែលព័ន្ធព័ទ្ធដោយកំពែង ធ្វើដោយឥដ្ឋពណ៌ក្រហម ស្រ្តីអ្វីប្រាកដដូចអណ្តាតភ្លើង ក្នុងទីឆ្ងាយ ឬដូចជាអណ្តាតភ្លើង ឰដ៏អាកាសលើកំពូលភ្នំ។
ID: 636873166559277795
ទៅកាន់ទំព័រ៖