ព្រះត្រៃបិដក ភាគ ៦១
សត្តតិនិបាតជាតក
កុសជាតក ទី១
[៩៤] (ព្រះបាទកុសរាជពោធិសត្វ ត្រាស់ថា) បពិត្រព្រះមាតា ដែនរបស់ព្រះមាតានេះ ប្រកបដោយទ្រព្យ ប្រកបដោយយាន ប្រកបដោយគ្រឿងសំរាប់រាជ្យ បរិបូណ៌ដោយកាមគ្រប់យ៉ាង សូមព្រះមាតាត្រួតត្រាដែនរបស់ព្រះមាតានេះចុះ ខ្ញុំនឹងទៅកាន់នគរ ជាទីនៅរបស់នាងបភាវតីជាទីស្រឡាញ់។
[៩៥] (នាងបភាវតី ពោលថា) ព្រះអង្គមានព្រះទ័យមិនត្រង់ នាំយកអម្រែកធំ (រងទុក្ខ) ទាំងថ្ងៃទាំងយប់ ទាំងពេលអធ្រាត្រ សូមព្រះអង្គត្រឡប់ទៅក្រុងកុសាវតីវិញឲ្យឆាប់ ខ្ញុំម្ចាស់មិនចង់បានព្រះអង្គ ដែលមានរាងរៅអាក្រក់ មកនៅ (ក្នុងទីនេះ) ទេ។
[៩៦] (ព្រះពោធិសត្វ …) ហៃនាងបភាវតី អញនឹងមិនទៅអំពីទីនេះ កាន់ក្រុងកុសាវតីទេ ព្រោះអញជាប់ចិត្តនឹងវណ្ណៈរបស់នាង ទើបត្រេកអរក្នុងដំណាក់ជាទីត្រេកអររបស់ព្រះបាទមទ្ទៈ ស៊ូលះបង់ដែន មកត្រេកអរក្នុងការឃើញនាង។ ហៃនាងបភាវតី អញជាប់ចិត្តនឹងវណ្ណៈរបស់នាង មានសភាពវង្វេង ត្រាច់រង្គាត់ទៅកាន់ផែនដី មិនស្គាល់ទិសថា អញមកអំពីទីណា ហៃនាងមានភ្នែកថ្លាដូចភ្នែកម្រឹគ អញជាមនុស្សវក់ចិត្តក្នុងនាង។
ID: 636873178922104909
ទៅកាន់ទំព័រ៖