ព្រះត្រៃបិដក ភាគ ៦២
[២០៣] (អភិសម្ពុទ្ធគាថា) ពួកទេពនិករ បានឃើញព្រះរាជានោះសេ្តចយាងមកដល់ហើយ ត្រេកអរទទួលថា បពិត្រមហារាជ ដំណើរដែលព្រះអង្គយាងមកនេះប្រពៃហើយ មិនមែនទ្រង់យាងមកអាក្រក់ទេ បពិត្រព្រះរាជា ទ្រង់ស្វែងរកនូវគុណធម៌ដ៏ប្រសើរ ឥឡូវនេះ សូមព្រះអង្គគង់ក្នុងទីជិតនៃទេវរាជចុះ។ សក្កទេវរាជ ទ្រង់ត្រេកអរទទួលព្រះបាទវិទេហៈ គ្រប់គ្រងក្រុងមិថិលានោះ ព្រះបាទវាសវៈអញ្ជើញព្រះអង្គដោយកាមទាំងឡាយផង ដោយអាសនៈផងថា ព្រះអង្គសេ្តចមកដល់លំនៅនៃទេវតាទាំងឡាយ ជាដំណើរប្រពៃណាស់ ព្រះរាជាទ្រង់ស្វែងរកនូវគុណដ៏ប្រសើរ សូមព្រះអង្គគង់នៅក្នុងទេវលោកទាំងឡាយ ជាទីញ៉ាំងសេចក្តីប្រាថ្នាទំាងពួងឲ្យសម្រេច សូមព្រះអង្គបរិភោគកាមទាំងឡាយ ដែលមិនមែនជារបស់មនុស្សក្នុងតាវត្តឹង្សទេវលោកចុះ។
[២០៤] (ព្រះបាទនេមិ...) វត្ថុណាដែលបានដោយអ្នកដទៃឲ្យជាបច្ច័យ ដូចយានជារបស់សូមគេ ដូចទ្រព្យជារបស់សូមគេ វត្ថុនុ៎ះ ក៏មានឧបមេយ្យយ៉ាងនេះឯង។ ខ្ញុំឥតចង់បានវត្ថុដែលបានមកដោយអ្នកដទៃឲ្យជាបច្ច័យនោះទេ បុណ្យទាំងឡាយ ដែលខ្ញុំបានធ្វើហើយដោយខ្លួនឯង នោះទើបជាទ្រព្យសម្រេចដល់ខ្ញុំ។
ID: 636873410896423081
ទៅកាន់ទំព័រ៖