ព្រះត្រៃបិដក ភាគ ៦២
មហោសធជាតក ទី៥
[២០៧] (ព្រះបាទវិទេហៈត្រាស់ថា) ម្នាលមហោសធ ព្រះរាជាចូឡនីព្រហ្មទត្ត ជាម្ចាស់ក្រុងបញ្ចាល យាងមកជាមួយនឹងសេនាទាំងពួង សេនារបស់ព្រះរាជាក្រុងបញ្ចាលនោះ បុគ្គលប្រមាណមិនបាន។ (សេនាទាំងនោះ) មានពលជាងឈើ និងពលថ្មើរជើង អ្នកឈ្លាសក្នុងសង្គ្រាមទាំងពួង អាចនឹងលុកចូលទៅក្នុងពួក ជាសេនាមានសំឡេង (មិនស្ងាត់ចាកសំឡេងទាំង ១០ យ៉ាង) ញ៉ាំងគ្នានឹងគ្នាឲ្យដឹងដោយសំឡេងស្គរ និងស័ង្ខ។ (ពួកសេនាទាំងនោះ) មានវិទ្យាក្នុងផ្លូវលោហធាតុ និងមានគ្រឿងប្រដាប់ មានទង់ជ័យ មានមនុស្សអ្នកឡើងកាន់ពាហនៈខាងឆ្វេង ទាំងបរិបូណ៌ល្អដោយពួកមនុស្សអ្នកមានសិល្ប ដែលពួកយោធាដ៏ក្លៀវក្លា (មានព្យាយាមស្មើដោយសត្វសីហៈ) តាំងទុកដោយល្អហើយ។ ក្នុងចំណោមសេនាទាំងនុ៎ះ មាននាយពល ១០ នាក់ ជាអ្នកឈ្លាស មានប្រាជ្ញាដូចផែនដី ច្រើនទៅប្រជុំប្រឹក្សាក្នុងទីស្ងាត់ នឹងមាតារបស់ព្រះរាជា ជាគំរប់ ១១ រមែងទ្រង់ប្រៀនប្រដៅសេនាក្នុងក្រុងបញ្ចាល។ បណ្តាជនទាំងនុ៎ះ មានក្សត្រិយ៍ ១០១ សុទ្ធតែមានយស ជាចំណុះ ដែលត្រូវព្រះបាទចូឡនីព្រហ្មទត្តដណ្តើមយកដែនហើយ មានសេចក្តីភ័យអំពីមរណៈ ក៏លុះក្នុងអំណាចនៃព្រះបាទបញ្ចាល។
ID: 636873426172446819
ទៅកាន់ទំព័រ៖