ព្រះត្រៃបិដក ភាគ ៦២
[២១៧] (អភិសម្ពុទ្ធគាថា) លំដាប់នោះ មហោសធពោធិសត្វក៏ចៀសចេញអំពីសំណាក់នៃព្រះបាទវិទេហៈហើយ ទើបហៅសុវបណ្ឌិតឈ្មោះមាធុរៈ ជាទូតមកប្រាប់ថា ម្នាលសំឡាញ់មានស្លាបខៀវ អ្នកចូរមកធ្វើការបំរើអញ ដ្បិតមានសាលិកាញីមួយដែលគេចិញ្ចឹមទុកជិតទីក្រឡាបន្ទំនៃព្រះបាទបញ្ចាល។ ឯងចូរទៅសួរសាលិកានោះ ដោយសន្ថវកិច្ច ព្រោះវាជាសត្វឈ្លាសក្នុងកិច្ចទាំងពួង វាដឹងការអាថ៌កំបាំងទាំងពួងរបស់ជនទាំងពីរ គឺព្រះរាជា និងកោសិយព្រាហ្មណ៍។ មាធុរៈសុវបណ្ឌិតមានស្លាបខៀវនោះ បានទទួលស្តាប់ថា បាទ ដូច្នេះហើយ ក៏ហើរទៅកាន់សំណាក់នៃនាងសាលិកា។ មាធុរៈសុវបណ្ឌិត លុះហើរទៅដល់ហើយ ទើបហៅនាងសាលិកាមានទ្រុងល្អ ពោលពាក្យពីរោះថា នែនាងមានទ្រុងល្អ នាងល្មមអត់ទ្រាំបានដែរឬ នែនាងជាវេសជាតិ នាងមិនមានជំងឺតម្កាត់ទេឬ នែនាងមានទ្រុងល្អ នាងបានលាជលាយដោយទឹកឃ្មុំដែរឬ។
(សាលិកាញី...) ម្នាលសំឡាញ់ សេចក្តីសុខស្រួលមានដល់ខ្ញុំ ម្នាលសំឡាញ់ មួយទៀត ខ្ញុំមិនមានជម្ងឺតម្កាត់ទេ ម្នាលសុវបណ្ឌិត ទាំងលាជលាយដោយទឹកឃ្មុំ ខ្ញុំក៏បានដែរ។ នែសំឡាញ់ អ្នកមកអំពីណាហ្ន៎ ឬអ្នកណាប្រើមក មួយវិញទៀត អ្នកជាសត្វដែលខ្ញុំមិនធ្លាប់ឃើញ មិនធ្លាប់ឮក្នុងកាលមុនអំពីកាលនេះទេ។
ID: 636873427392706614
ទៅកាន់ទំព័រ៖