ព្រះត្រៃបិដក ភាគ ៦២
ការនៅនៃដំរីទាំងឡាយ ក្នុងទីមិនមានទឹក ឈោ្មះថានៅក្នុងទីមិនមែនប្រទេស (យ៉ាងណាមិញ) កាលបើយើងនៅក្នុងទីជិតនៃពួកមនុស្សអាក្រក់ល្ងង់ខ្លៅ មិនចេះ មិនដឹង (ឈ្មោះថានៅក្នុងទីមិនមែនជាប្រទេស ក៏ដូច្នោះឯង)។ ហ្ឫទ័យរបស់យើងញ័ររន្ធត់ ទាំងមាត់របស់យើងក៏សោះស្ងួត យើងមិនបានសេចក្តីរលត់ ដូចឈើត្រូវភ្លើងឆេះក្នុងកណ្តាលកំដៅថ្ងៃ។ ចង្រ្កានរបស់ជាងមាសឆេះតែខាងក្នុង មិនឆេះខាងក្រៅ យ៉ាងណាមិញ ហ្ឫទ័យរបស់យើង ឆេះតែខាងក្នុង មិនឆេះខាងក្រៅ ក៏យ៉ាងនោះដែរ។
[២៥៤] (អភិសម្ពុទ្ធគាថា...) វេលានោះ មហោសធជាអ្នកប្រាជ្ញ មានប្រាជ្ញា ឃើញប្រយោជន៍ជាប្រក្រតីនោះ បានឃើញព្រះបាទវិទេហៈ ទ្រង់មានសេចក្តីទុក្ខ ទើបក្រាបបង្គំទូលថា បពិត្រមហារាជ ព្រះអង្គកុំភ័យឡើយ បពិត្រព្រះអង្គប្រសើរលើរថ ព្រះអង្គកុំភ័យឡើយ ទូលព្រះបង្គំនឹងដោះព្រះអង្គ ដូចគេដោះព្រះចន្រ្ទដែលរាហូចាប់ហើយ។ បពិត្រមហារាជ ព្រះអង្គកុំភ័យឡើយ បពិត្រព្រះអង្គប្រសើរលើរថ ព្រះអង្គកុំភ័យឡើយ ទូលព្រះបង្គំនឹងដោះព្រះអង្គ ដូចគេដោះព្រះអាទិត្យដែលរាហូចាប់ហើយ។
ID: 636873430311033533
ទៅកាន់ទំព័រ៖