ព្រះត្រៃបិដក ភាគ ៦២
[២៥៥] នែមាណពទាំងឡាយ អ្នកទាំងឡាយចូរមក ចូរក្រោកឡើង អ្នកទាំងឡាយ ចូរបើកមាត់នៃគន្លឹះយន្ត ព្រះបាទវិទេហៈ មួយអន្លើដោយពួកអាមាត្យ នឹងសេ្តចទៅតាមឧម្មង្គ។
[២៥៦] ពួកជនអ្នកធ្វើការបំរើរបស់មហោសធបណ្ឌិត ស្តាប់ពាក្យរបស់លោកហើយ ទើបបើកទ្វារនៃឧម្មង្គ និងគន្លឹះទ្វារដែលប្រកបដោយគ្រឿងយន្ត។
[២៥៧] អាចារ្យសេនកៈដើរមុន មហោសធដើរក្រោយ ព្រះបាទវិទេហៈ មានអាមាត្យហែហម សេ្តចយាងត្រង់កណ្តាល។
[២៥៨] ព្រះបាទវិទេហៈ សេ្តចទ្រង់ចេញអំពីឧម្មង្គ ហើយឡើងគង់លើព្រះទីនាំងនាវា មហោសធដឹងថា ព្រះរាជាឡើងគង់ហើយ ក៏ប្រៀនប្រដៅថា បពិត្រព្រះសម្មតិទេព ព្រះបាទចូឡនីព្រហ្មទត្តនេះ ជាព្រះបិតាកេ្មករបស់ព្រះអង្គ បពិត្រព្រះអង្គជាធំជាងជន ព្រះនាងនន្ទាទេវីនេះ ជាព្រះមាតាកេ្មករបស់ព្រះអង្គ ការប្រតិបតិ្តព្រះវររាជមាតា (របស់ព្រះអង្គ) យ៉ាងណា ការប្រតិបតិ្តព្រះមាតាកេ្មក ចូរមានដល់ព្រះអង្គ ក៏យ៉ាងនោះដែរ។ ព្រះរាជបុត្តច្បងរួមឧទរ មានព្រះមាតាជាមួយគ្នា យ៉ាងណា បពិត្រព្រះអង្គប្រសើរលើរថ បញ្ចាលចន្ទរាជកុមារ ព្រះអង្គគប្បីស្រឡាញ់យ៉ាងនោះដែរ។
ID: 636873430746078416
ទៅកាន់ទំព័រ៖