ព្រះត្រៃបិដក ភាគ ៦២
[២៦២] (ពោធិសត្វ...) បុគ្គលមានប្រាជ្ញា សូម្បីមានសេនាតិច រមែងឈ្នះបុគ្គលមិនមានប្រាជ្ញា ដែលមានសេនាច្រើន ព្រះរាជាតែមួយព្រះអង្គ (ជាអ្នកឈ្លាសក្នុងឧបាយ) រមែងឈ្នះព្រះរាជាទាំងឡាយ (ជាអ្នកល្ងង់ក្នុងឧបាយ) ដូចព្រះអាទិត្យ ដែលរះឡើង (រមែងឈ្នះ) ងងឹតដូច្នោះឯង។
[២៦៣] (ព្រះបាទវិទេហៈ...) នែអាចារ្យសេនកៈ ការនៅរួមជាមួយនឹងពួកបណ្ឌិត នាំមកនូវសេចក្តីសុខស្រួលណាស់ហ្ន៎ ព្រោះថា មហោសធ បានដោះពួកយើង ដែលនៅក្នុងកណ្តាប់ដៃនៃសត្រូវឲ្យរួចបាន ដូចគេដោះហ្វូងបក្សីដែលជាប់នៅក្នុងទ្រុង ឬដូចគេដោះហ្វូងត្រី ដែលជាប់នៅក្នុងសំណាញ់ដូច្នោះ។
[២៦៤] (អាចារ្យសេនកៈ...) បពិត្រមហារាជ ពិតមែនហើយ បណ្ឌិតទាំងឡាយ នាំមកនូវសេចក្តីសុខយ៉ាងនោះឯង មហោសធបានដោះពួកយើងដែលនៅក្នុងកណ្តាប់ដៃនៃសត្រូវឲ្យរួចបាន ដូចគេដោះហ្វូងបក្សីដែលជាប់នៅក្នុងទ្រុង ឬដូចគេដោះហ្វូងត្រី ដែលជាប់នៅក្នុងសំណាញ់ដូច្នោះ។
[២៦៥] (អភិសម្ពុទ្ធគាថា) ព្រះបាទចូឡនីព្រហ្មទត្ត មានកំឡាំងច្រើន ទ្រង់រក្សាអស់រាត្រីទាំងមូល កាលអរុណរះឡើង ក៏សេ្តចចូលទៅដល់ក្រុងឧបការៈ។
ID: 636873431339732371
ទៅកាន់ទំព័រ៖