ព្រះត្រៃបិដក ភាគ ៦២
ព្រះបាទចូឡនីគ្រប់គ្រងក្រុងបញ្ចាល មានកំឡាំងច្រើន ស្តេចឡើងគង់លើដំរីប្រសើរដ៏មានកំឡាំង ជាដំរីមានអាយុប្រមាណ ៦០ ឆ្នាំ បានត្រាស់ទៅ (នឹងសេនារបស់ព្រះអង្គ)។ ព្រះបាទចូឡនីព្រហ្មទត្ត ទ្រង់សៀតគ្រឿងក្រោះ ជាវិការៈនៃកែវមណី ព្រះហស្តចាប់សរ បានត្រាស់ទៅនឹងរេហ៍ពលអ្នកទទួលបំរើ (របស់ព្រះអង្គ) ជាអ្នកមានសិល្បច្រើនដែលមកចួបជុំគ្នា។ (ព្រះបាទចូឡនីត្រាស់ទៅ) នឹងពលដំរី ពលសេះ ពលរថ ពលថ្មើរជើង និងខ្មាន់ធ្នូ ដែលមានដៃដ៏ស្ទាត់ក្នុងសិល្បធ្នូ អាចបាញ់រោមត្រូវ ដែលមកចួបជុំគ្នា។
[២៦៦] (ព្រះបាទចូឡនី...) អ្នកទាំងឡាយ ចូរបញ្ជូនដំរីមានភ្លុក ដ៏មានកំឡាំង ជាដំរីមានអាយុប្រមាណ ៦០ ឆ្នាំ ចូរឲ្យដំរីទាំងឡាយញាំញីទីក្រុងដែលព្រះបាទវិទេហៈ សាងទុកហើយ។ (ពួកព្រួញ) មានសម្បុរ ស មានមុខដូចពន្លាក មានចុងដ៏មុត អាចចាក់ទំលាយនូវឆ្អឹង ដែលបាញ់ដោយកំឡាំងធ្នូ ឲ្យធ្លាក់ចុះព្រមគ្នា អំពីខាងនេះខាងនោះ។ ពួកសេនាកេ្មង ៗ ក្លៀវក្លា ពាក់គ្រឿងក្រោះ មានអាវុធប្រកបដោយដងដ៏វិចិត្រ កាលបើពួកដំរីធំស្ទុះចូលមក ចូរអ្នកនាំគ្នា (តស៊ូ) ចំពោះមុខដំរីទាំងឡាយ។ លំពែងទាំងឡាយ ដែលគេលាងជម្រះដោយប្រេង មានរស្មីភ្លឺផ្លេក រុងរឿងដូចជាផ្កាយព្រឹក មានរស្មីច្រើន។
ID: 636873431530153263
ទៅកាន់ទំព័រ៖