ព្រះត្រៃបិដក ភាគ ៦២
ព្រះខាន់ទាំងឡាយ បរិបូណ៌ដោយដងជាវិការៈនៃមាស ទ្រទ្រង់ដោយស្រោមមានពណ៌ក្រហម កាលបើគេគ្រវីឡើង រមែងល្អដូចជាផ្លេកបន្ទោរភ្លឺផ្លេកក្នុងចន្លោះនៃពពក។ ពួកខ្មាន់ធ្នូអ្នកក្លៀវក្លា ពាក់គ្រឿងក្រោះ អាចប្រព្រឹត្តទៅក្នុងអាកាសបាន អ្នកឈ្លាសក្នុងការកាន់ដាវ និងខែល ជាអ្នកហាត់ក្នុងការកាន់ធ្នូដ៏ក្រៃលែង អាចកាត់នូវកនៃដំរីឲ្យធា្លក់ចុះបាន។ អ្នកឯងត្រូវពួកយោធាប្រាកដដូច្នេះ ព័ទ្ធហើយ អ្នកឯងមិនរួចអំពីទីនេះទេ អ្នកនឹងទៅកាន់ក្រុងមិថិលា ដោយរាជានុភាពណា យើងមិនបានឃើញរាជានុភាពនោះរបស់អ្នកទេ។
[២៦៧] (ព្រះពោធិសត្វ...) ព្រះអង្គទ្រង់ប្រញាប់ប្រញាល់បញ្ជូនដំរីដ៏ប្រសើរមក ព្រះអង្គមានព្រះហ្ឫទ័យរីករាយយាងមក ហើយទ្រង់សំគាល់ថា អាត្មាអញ នឹងបានសម្រេចប្រយោជន៍ដូច្នេះឬហ្ន៎។ សូមព្រះអង្គដាក់ធ្នូ និងបំពង់ព្រួញនុ៎ះចេញ សូមព្រះអង្គដាក់កូនសរនុ៎ះចេញ សូមព្រះអង្គដាក់គ្រឿងក្រោះដ៏ល្អប្រហែលដោយកែវពៃទូរ្យ និងកែវមណីនុ៎ះចេញ។
[២៦៨] (ព្រះបាទចូឡនី...) អ្នកឯងជាអ្នកមានសម្បុរមុខស្រស់បស់ ទាំងនិយាយ ក៏ញញឹមញញែមជាប់ ឯការបរិបូណ៌ដោយសម្បុរបែបនេះ រមែងមានប្រាកដក្នុងមរណកាល។
ID: 636873431898184313
ទៅកាន់ទំព័រ៖