ព្រះត្រៃបិដក ភាគ ៦២
[២៧៣] បពិត្រមហារាជ សូមអញ្ជើញព្រះអង្គទតព្រះនេត្រមើលព្រះរាជវាំងរបស់ព្រះអង្គដែលសូន្យឈឹងចុះ បពិត្រព្រះមហាក្សត្រិយ៍ ស្រីស្នំ និងកុមារទាំងឡាយ និងព្រះវររាជមាតារបស់ព្រះអង្គ ខ្ញុំឲ្យនាំចេញចាកឧម្មង្គ នាំទៅថ្វាយព្រះបាទវិទេហៈហើយ។
[២៧៤] (ព្រះបាទចូឡនី...) បើដូច្នោះ អ្នកទាំងឡាយ ចូរទៅឯព្រះរាជវាំងរបស់អញ ហើយពិចារណាមើលហេតុនោះ តើសមដូចពាក្យរបស់មហោសធនេះពិត ឬកុហកទេ។
[២៧៥] (ពួកអាមាត្យ...) បពិត្រមហារាជ មហោសធទូលយ៉ាងណា សេចក្តីនុ៎ះ ក៏យ៉ាងនោះឯង ព្រះរាជវាំងទាំងមូលសូន្យឈឹង ដូចឋានជាទីប្រជុំចុះនៃពួកក្អែក។
[២៧៦] (មហោសធ...) បពិត្រមហារាជ ព្រះនាងនារីនន្ទាទេវី ព្រះសព៌ាង្គកាយដ៏ល្អ មានព្រះសោណីដ៏ល្អ ដូចដម្បារមាស មានប្រក្រតីពោលពាក្យពីរោះ ដូចជាសំឡេងនៃហង្ស បានចេញទៅអំពីឧម្មង្គនេះហើយ។ បពិត្រមហារាជ ព្រះនាងនារី មានសព៌ាង្គកាយដ៏ល្អ ទ្រទ្រង់កោសេយ្យពស្រ្ត មានសរីរៈដូចមាស មានខ្សែរឹតព្រះអង្គនោះក៏ល្អវិចិត្រដោយមាស។
ID: 636873433147585774
ទៅកាន់ទំព័រ៖