ព្រះត្រៃបិដក ភាគ ៦២
[២៩០] (ព្រះបាទវិទេហៈ...) នែអាចារ្យសេនកៈ ការនៅរួមជាមួយនឹងអ្នកប្រាជ្ញ នាំមកនូវសេក្តីសុខស្រួលណាស់ហ្ន៎ មហោសធ បានដោះពួកយើងដែលតាំងនៅក្នុងសេចក្តីវិនាស គឺដៃនៃសត្រូវ ដូចជាគេដោះហ្វូងបក្សីដែលជាប់នៅក្នុងទ្រុង ឬដូចជាគេដោះត្រីដែលជាប់នៅក្នុងសំណាញ់។
[២៩១] (អាចារ្យសេនកៈ...) បពិត្រមហារាជ មែនពិត ពួកបណ្ឌិតរមែងនាំមកនូវសេចក្តីសុខយ៉ាងនេះឯង មហោសធ បានដោះពួកយើងដែលតាំងនៅក្នុងសេចក្តីវិនាស គឺដៃនៃសត្រូវ ដូចជាគេដោះហ្វូងបក្សីដែលជាប់ក្នុងទ្រុង ឬដូចជាគេដោះត្រីដែលជាប់ក្នុងសំណាញ់។
[២៩២] (អភិសម្ពុទ្ធគាថា...) ពួកជនចូរដេញពិណ ចូរវាយស្គរតូច និងស្គរធំ ផ្លុំស័ង្ខដែលកើតក្នុងដែនមគធៈ និងទូងស្គរធំមានសំឡេងពីរោះ។
[២៩៣] ពួកស្រីស្នំ ពួកកុមារ ពួកវេស្សៈ និងពួកព្រាហ្មណ៍ នាំបាយ និងទឹកជាច្រើន មកជូន (មហោសធបណ្ឌិត)។ ពលដំរី ពលសេះ ពលរថ និងពលថ្មើរជើង នាំបាយ និងទឹកជាច្រើន មកជូនបណ្ឌិត។ ពួកអ្នកជនបទ ប្រជុំគ្នា ទាំងពួកអ្នកនិគម ក៏មកប្រជុំគ្នា នាំបាយ និងទឹកជាច្រើន មកជូនបណ្ឌិត។ ជនជាច្រើន កាលបើបានឃើញបណ្ឌិតមកដល់ហើយ ក៏មានសេចក្តីជ្រះថ្លា កាលបើបណ្ឌិតមកដល់ហើយ ការលើកឡើងនូវទង់ ក៏ប្រព្រឹត្តទៅ។
ចប់ មហោសធជាតក ទី៥។
ID: 636873434506953526
ទៅកាន់ទំព័រ៖