ព្រះត្រៃបិដក ភាគ ៦២
[៣០៦] (ភូរិទត្តនាគរាជ...) អានុភាពរបស់ព្រះឥន្រ្ទ អានុភាពរបស់លោកបាលទាំង ៤ ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅ ជាអ្នកបម្រើព្រះឥន្រ្ទក្តី អ្នកមិនគប្បីដឹងដោយចិត្តបានទេ។
[៣០៧] ខ្ញុំប្រាថ្នាវិមាននោះរបស់ទេវតាទាំងឡាយ អ្នកស្វែងរកសេចក្តីសុខ បានជារក្សាឧបោសថ ហើយដេកលើក្បាលដំបូក។
[៣០៨] (ព្រាហ្មណ៍នេសាទ...) ឯខ្ញុំ ព្រមទាំងកូន ស្វែងរកម្រឹគ បានចូលទៅកាន់ព្រៃ ញាតិទាំងនោះ មិនដឹងខ្ញុំថាស្លាប់ ឬរស់ទេ។ ខ្ញុំសូមលាព្រះភូរិទត្ត ជាបុត្តព្រះរាជធីតាក្នុងដែនកាសី ព្រះអង្គមានយស យើងខ្ញុំ បើព្រះអង្គព្រមអនុញ្ញាតហើយ គប្បីឃើញពួកញាតិ។
[៣០៩] (ភូរិទត្តនាគរាជ...) ឱ នុ៎ះពិតជាសេចក្តីពេញចិត្តរបស់ខ្ញុំហើយ ត្រង់ដែលអ្នកនៅក្នុងសំណាក់នៃខ្ញុំ ព្រោះថាកាមទាំងឡាយប្រាកដដូច្នេះ អ្នកមិនងាយបានក្នុងពួកមនុស្សទេ។ អ្នកដែលខ្ញុំបូជាដោយកាមទាំងឡាយរបស់ខ្ញុំ បើមិនចង់នៅទេ ខ្ញុំនឹងអនុញ្ញាតអ្នក សូមអ្នកទៅជួបពួកញាតិដោយសួស្តីចុះ។
[៣១០] អ្នកកាលទ្រទ្រង់កែវមណីជាទិព្វនេះ រមែងបានសត្វចិញ្ចឹម និងបុត្រ អ្នកចូរមិនមានរោគ បានសេចក្តីសុខ ម្នាលព្រាហ្មណ៍ អ្នកចូរយក (នូវកែវមណីនេះ) ហើយទៅចុះ។
ID: 636873435941705589
ទៅកាន់ទំព័រ៖