ព្រះត្រៃបិដក ភាគ ៦២
[៣២៥] (ព្រាហ្មណ៍នេសាទ...) ម្នាលសោមទត្ត កូន យើងនឹងកាន់យកកែវមណី ចូរអ្នកដឹងចុះ យើងកុំយកដំបងទាត់ចោលសិរីដែលមកដល់ហើយ តាមសេចក្តីប្រាថ្នាឡើយ។
[៣២៦] (សោមទត្តកុមារ...) បពិត្រព្រាហ្មណ៍ ភូរិទត្តណា បានបូជាលោកដែលដល់នូវនិវេសន៍របស់ខ្លួន លោកប្រាថ្នានឹងប្រទូស្តចំពោះព្រះភូរិទត្តនោះ ដែលធ្វើអំពើល្អយ៉ាងនេះ ព្រោះសេចក្តីវង្វេងធ្វើអ្វី។ បើលោកឪពុកចង់បានទ្រព្យ ព្រះភូរិទត្តនឹងប្រទាន ចូរលោកឪពុកទៅសុំលោកចុះ លោកនឹងប្រទានទ្រព្យច្រើនដល់លោកឪពុក។
[៣២៧] (ព្រាហ្មណ៍នេសាទ...) ម្នាលសោមទត្ត យើងគួរស៊ីរបស់ឆ្អិន ដែលមកដល់ដៃ ឬដល់ភាជន៍ ប្រសើរជាង កុំឲ្យប្រយោជន៍ដែលឃើញច្បាស់នឹងភ្នែក កន្លងផុតពីយើងទៅបាន។
[៣២៨] (សោមទត្តកុមារ...) បុគ្គលជាអ្នកទ្រុស្តមិត្ត ជាអ្នកលះបង់ប្រយោជន៍ រមែងឆេះក្នុងនរកដ៏គួរខ្លាច ផែនដីក៏ស្រូបបុគ្គលទ្រុស្តមិត្តនោះ បុគ្គលទ្រុស្តមិត្ត សូម្បីរស់នៅក៏រីងស្ងួត (ដូចជាប្រេត) បើឪពុកចង់បានទ្រព្យ ព្រះភូរិទត្តនឹងប្រទានមិនខាន ខ្ញុំសំគាល់ថា មិនយូរប៉ុន្មាន ឪពុកនឹងដឹងច្បាស់នូវពៀរដែលខ្លួនធ្វើហើយ។
ID: 636873437068340029
ទៅកាន់ទំព័រ៖