ព្រះត្រៃបិដក ភាគ ៦២
[៣៣៤] (សុទស្សននាគរាជ...) ឥន្រ្ទិយរបស់លោកមិនស្រស់បស់ ព្រះភក្រ្តរបស់លោកក៏ខ្មៅ ព្រោះឃើញខ្ញុំ ដែលសម្រេចសេចក្តីប្រាថ្នាទាំងពួង កំពុងមកគាល់ឬ។ ព្រះភក្រ្តរបស់លោកខ្មៅ ដូចជាផ្កាឈូកដែលឋិតនៅក្នុងដៃ ដែលគេច្របាច់ដោយដៃ ព្រោះតែឃើញខ្ញុំប្រាកដដូច្នេះឬ។
[៣៣៥] ក្រែងបុគ្គលណាមួយ មិនរាប់អានលោកខ្លះឬ វេទនារបស់លោកមានខ្លះឬ ព្រះភក្រ្តរបស់លោកខ្មៅ ព្រោះឃើញខ្ញុំមក ដោយហេតុណា (សូមលោកប្រាប់នូវហេតុនោះដល់ខ្ញុំចុះ)។
[៣៣៦] (នាងសមុទ្ទជា...) ម្នាលកូន ក្រោយមួយខែមកហើយ អំពីថ្ងៃនេះ យើងបានឃើញសុបិនថា ហាក់ដូចជាបុរសកាត់ដៃខាងស្តាំរបស់យើង ហើយនាំយកដៃដែលប្រឡាក់ដោយឈាម ដើរចេញទៅក្នុងកាលដែលយើងកំពុងយំ។ ម្នាលសុទស្សនៈ កាលណាយើងបានឃើញសុបិន អ្នកចូរដឹងចុះថា កាលណោះ យើងមិនបានសេចក្តីសុខទាំងថ្ងៃទាំងយប់។
[៣៣៧] នាងកញ្ញាទាំងឡាយ មានរាងកាយដ៏រុងរឿង ពាក់បណ្តាញមាស បានចោមរោមភូរិទត្តណា ពីក្នុងកាលមុន (ឥឡូវនេះ) ភូរិទត្តនោះ យើងមិនឃើញទេ។
ID: 636873437649673279
ទៅកាន់ទំព័រ៖