ព្រះត្រៃបិដក ភាគ ៦២
[៣៦៣] (ព្រាហ្មណ៍នេសាទ...) បើអ្នកជាកូននៃនាគដ៏ប្រសើរ ជាព្រះរាជាក្នុងដែនកាសី ជាធំជាងនាគដែលមានអាយុវែង បិតារបស់អ្នក ជានាគមានស័ក្កិធំមួយដែរ បណ្តាសត្វទាំងឡាយ មាតារបស់អ្នក ក៏មិនមានស្រ្តីណាផ្ទឹមបានឡើយ បុគ្គលមានអានុភាពច្រើនដូចអ្នក មិនគួរចាប់ជ្រមុជបុគ្គល សូម្បីជាទាសៈនៃព្រាហ្មណ៍ទេ។
[៣៦៤] (សុភោគនាគរាជ...) ឯងអែបដើមឈើ ហើយបាញ់ទ្រាយដែលមកផឹក (ទឹក) ទ្រាយនោះ ដែលឯងបាញ់ហើយ ក៏ងាកមើលដោយកំឡាំងនៃសរ ក៏ស្ទុះទៅកាន់ទីឆ្ងាយ។ ឯងបានឃើញទ្រាយនោះ ដួលក្នុងព្រៃធំហើយ ក៏នាំសាច់មួយអម្រែកចូលទៅកាន់ដើមជ្រៃ ក្នុងវេលាល្ងាច ជាឈើដែលគឹកកងដោយសត្វសេក និងសាលិកា មានស្លឹកលឿង ដេរដាសដោយពួរ ដែលសត្វតាវៅទំយំ ជាទីគួររីករាយ មានផែនដីដុះស្មៅខៀវជានិច្ច បងរបស់អញដែលមានអានុភាពច្រើន រុងរឿងដោយឫទ្ធិ និងយស ដែលពួកនាគកញ្ញាចោមរោមហើយ ក៏ប្រាកដដល់ឯងក្នុងទីនោះ។
ID: 636873439619695958
ទៅកាន់ទំព័រ៖