ព្រះត្រៃបិដក ភាគ ៦២
[៤៣] (ព្រះវរបិតា) នែកូន ខ្ញុំនឹងឲ្យនូវពលដំរី ពលរថ ពលសេះ ពលថើ្មរជើង ពួកជនពាក់គ្រឿងក្រោះ និងនិវេសនដ្ឋានទាំងឡាយ ជាទីត្រេកអរដល់អ្នក។ មួយទៀត ខ្ញុំឲ្យនូវស្រីស្នំដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួងដល់អ្នក នែកូន ចូរអ្នកគ្រប់គ្រងនូវស្រ្តីទាំងនោះចុះ អ្នកជាព្រះរាជារបស់យើង។ ស្រ្តីរបាំ ជាអ្នកឈ្លាសក្នុងការរាំ និងច្រៀង បានសិក្សា (ក្នុងកិច្ចស្រ្តី) ញ៉ាំងអ្នកឲ្យត្រេកអរក្នុងកាម អ្នកនឹងធ្វើអ្វីក្នុងព្រៃ។ ខ្ញុំនឹងនាំយករាជកញ្ញាដែលមានខ្លួនប្រដាប់ហើយអំពីពួកព្រះរាជាដទៃដល់អ្នក អ្នកចូរញ៉ាំងកូនទាំងឡាយ ឲ្យកើតក្នុងស្រ្តីទាំងនោះ ហើយសិមបួសក្នុងកាលជាខាងក្រោយ។ អ្នកនៅកេ្មងកម្លោះ ប្រកបដោយបឋមវ័យ មានសក់ខ្មៅស្រិល ចូរសោយរាជ្យ សេចក្តីចំរើននឹងមានដល់អ្នក អ្នកនឹងធ្វើអ្វីក្នុងព្រៃ។
[៤៤] (មហាសត្វ) បុគ្គលនៅកម្លោះ គប្បីប្រព្រឹត្តព្រហ្មចរិយធម៌ បុគ្គលអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ គប្បីជាកម្លោះ ព្រោះថា បព្វជ្ជារបស់បុគ្គលនៅកម្លោះនេះ ពួកឥសីទាំងឡាយសរសើរហើយ។ បុគ្គលនៅកម្លោះ គប្បីប្រព្រឹត្តព្រហ្មចរិយធម៌ បុគ្គលអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ គប្បីនៅកម្លោះ អាត្មាភាព នឹងប្រព្រឹត្តព្រហ្មចរិយធម៌ អាត្មាភាព មិនត្រូវការដោយរាជ្យទេ។
ID: 636873390441663135
ទៅកាន់ទំព័រ៖