ព្រះត្រៃបិដក ភាគ ៦២

​បពិត្រ​ព្រះមាតា​ ​និង​បិតា​ ​អាត្មាភាព​ឃើញ​នរជន​នៅក្មេង​ ​ទើបនឹង​ចេះនិយាយ​ ​ជា​កូន​ជាទីស្រឡាញ់​ដែល​មាតាបិតា​បាន​ដោយ​លំបាក​ ​មិនទាន់​ចាស់​គ្រាំគ្រា​ ​ហើយ​ស្លាប់​។​ ​អាត្មាភាព​ ​ឃើញ​នាង​កុមារី​មាន​សម្បុរ​ដូច​មាស​ ​ដែល​មច្ចុរាជ​ចាប់ដក​ក្ស័យជីវិត​ហើយ​ ​ដូចជា​ដក​នូវ​ទំពាំង​ឫស្សី​ដ៏​ខ្ចី​។​ ​នរជន​ទាំងឡាយ​ ​ឬ​នាង​នារី​ទាំងឡាយ​ ​សូម្បី​នៅក្មេង​ ​ក៏​តែង​ស្លាប់​ ​តើ​សត្វ​ណា​ ​គប្បី​ទុកចិត្ត​ក្នុង​ជីវិត​នោះ​ថា​ ​អាត្មាអញ​នៅក្មេង​ដូច្នេះ​។​ ​អាយុ​នៃ​កុមារ​ណា​ ​មាន​ប្រមាណ​តិច​ ​ដោយ​ការ​កន្លងទៅ​នៃ​យប់​ ​និង​ថ្ងៃ​ ​ភាព​នៃ​ខ្លួន​ជា​កុមារ​ក្នុង​វ័យ​នោះ​ ​នឹង​ធ្វើ​ដូចម្តេច​កើត​ ​ដូច​ទី​មាន​ទឹក​តិច​របស់​ត្រី​ទាំងឡាយ​។​ ​សត្វលោក​ ​ត្រូវ​សត្រូវ​បៀតបៀន​ជានិច្ច​ផង​ ​ត្រូវ​សត្រូវ​រួប​រិត​ជានិច្ច​ផង​ ​កាល​យប់​ ​និង​ថ្ងៃ​ទាំងឡាយ​មិន​កន្លងទៅ​ទទេ​ទេ​ ​តើ​ព្រះអង្គ​នឹង​អភិសេក​អាត្មាភាព​ក្នុង​រាជ្យ​ដូ​ចមេ្តច​។​
 [​៤៥​]​ ​(​ព្រះរាជា​)​ ​សត្វលោក​នេះ​ ​ត្រូវ​សត្រូវ​អ្វី​បៀតបៀន​ផង​ ​ត្រូវ​សត្រូវ​អ្វី​រួបរឹត​ផង​ ​ធម្មជាតិ​ដូ​ចមេ្តច​ ​មិន​កន្លងទៅ​ទទេ​ ​ខ្ញុំ​សួរ​ហើយ​ ​អ្នក​ចូរ​ប្រាប់​នូវ​ដំណើរ​នោះ​។​
 [​៤៦​]​ ​(​ព្រះ​មហាសត្វ​)​ ​សត្វលោក​ត្រូវ​មច្ចុ​បៀតបៀន​ផង​ ​ត្រូវ​ជរា​រួបរឹត​ផង​ ​​រាត្រី​ទាំងឡាយ​ ​រមែង​កន្លងទៅ​មិន​ទទេ​ ​បពិត្រ​ក្សត្រិយ៍​ ​សូម​ព្រះអង្គ​ជ្រាប​យ៉ាងនេះ​ចុះ​។​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636873390888228677
ទៅកាន់ទំព័រ៖