ព្រះត្រៃបិដក ភាគ ៦២
ព្រាហ្មណ៍ទាំងនោះ ស្មើគ្នានឹងគហបតី ព្រាហ្មណ៍ទាំងឡាយជាច្រើនលើផែនដី ជាអ្នកខ្វល់ខ្វាយជានិច្ច ប្រកបក្នុងកាមគុណទាំងឡាយ តែងញ៉ាំងបុគ្គលឲ្យធ្វើការងារទាំងឡាយ ម្នាលអរិដ្ឋ អ្នកដឹងរសដោយអណា្តតទាំងពីរ ព្រោះហេតុនោះ ព្រាហ្មណ៍ទាំងនោះ ជាអ្នកឥតបញ្ញា។
[៣៨០] (ព្រះបាទសាគរព្រហ្មទត្ត...) ស្គរធំ សមោ្ភរ ស័ង្ខ ស្គរជ័យ និងស្គរទ័ពរបស់អ្នកណា ដែលដើរខាងមុខ ហើយញ៉ាំងព្រះរាជាដ៏ប្រសើរក្នុងរថឲ្យរីករាយ។ (សម្បុរមុខ) របស់អ្នកណា (ដ៏រុងរឿង) ដោយដម្បារមាសដ៏ក្រាស់ មានពន្លឺដូចផ្លេកបន្ទោរ អ្នកណានៅកម្លោះ ប្រដាប់ដោយបំពង់ព្រួញ រុងរឿងដោយសិរី ហើយដើរមក។ មុខអ្នកណាស្រស់បស់ដូចមាសឆ្អិនលើមាត់ជើងក្រាន ឬប្រាកដសើ្មដោយរងើកនៃឧសគគីរ អ្នកណារុងរឿងដោយសិរីហើយដើរមក។ ឆត្ររបស់បុគ្គលណា ជាវិការៈនៃមាសជម្ពូនទ ប្រកបដោយឆ្អឹង ជាទីរីករាយនៃចិត្ត ជាគ្រឿងបិទបាំងរស្មីនៃព្រះអាទិត្យ អ្នកណារុងរឿងដោយសិរីហើយដើរមក។
ID: 636873443084984161
ទៅកាន់ទំព័រ៖