ព្រះត្រៃបិដក ភាគ ៦២
[៣៨៥] (ខណ្ឌហាលព្រាហ្មណ៍...) ហពិត្រព្រះទេវៈ ព្រះអង្គគប្បីបូជាដោយព្រះរាជបុត្រទាំងឡាយផង ដោយព្រះអគ្គមហេសីទាំងឡាយផង ដោយអ្នកនិគម (សេដ្ឋី) ទាំងឡាយផង បពិត្រព្រះទេវៈ ព្រះអង្គគប្បីបូជាដោយគោឧសភ សេះអាជានេយ្យបួន ៗ ដោយពួកសត្វបួន ៗ ទាំងអស់។
[៣៨៦] សំឡេងគឹកកងតែមួយ សំឡេងគួរខ្លាច លាន់ឮឡើងក្នុងវាំង ព្រោះឮព្រះរាជឱង្ការនោះថា ព្រះកុមារទាំងឡាយ និងព្រះអគ្គមហេសីទាំងឡាយ ត្រូវសម្លាប់។
[៣៨៧] (ព្រះរាជា...) អ្នកទាំងឡាយ ចូរទៅប្រាប់កុមារទាំងឡាយ គឺចន្ទកុមារ ១ សុរិយកុមារ ១ ភទ្ទសេនកុមារ ១ សុរកុមារ ១ វាមគោត្តកុមារ ១ ថា អ្នកទាំងឡាយ ចូរមកជួបជុំគ្នា ដើម្បីប្រយោជន៍ដល់ការបូជាយ័ញ្ញ។
[៣៨៨] អ្នកទាំងឡាយ ចូរប្រាប់កុមារីទាំងឡាយ គឺកុមារីឈោ្មះឧបសេនា ១ កោកិលា ១ មុទិតា ១ នន្ទា ១ ថា នាងទំាងឡាយ ចូរមកជួបជុំគ្នា ដើម្បីប្រយោជន៍ដល់ការបូជាយ័ញ្ញ។
ID: 636873443872749219
ទៅកាន់ទំព័រ៖